(ហាណូយ)៖ ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក បានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីស្នើសុំជំនួយជាវ៉ាក់សាំងបង្ការ COVID-19 ខណៈវៀតណាមត្រូវបានគេមើលឃើញថា កំពុងប្រយុទ្ធតស៊ូនឹងរលកថ្មី នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺនៅក្រោយការរកឃើញវីរុស COVID-19 បំប្លែងថ្មីកាត់ឥណ្ឌា-អង់គ្លេស ជាលើកដំបូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នារសៀលថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

ក្រៅពីការស្នើសុំជំនួយ ប្រធានាធិបតីវៀតណាមរូបនេះ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសមហាអំណាចលេខ ១ លើលោកមួយនេះ ក្នុងការផ្តល់ថវិកា ៤ពាន់លានដុល្លារ គាំទ្រដល់កម្មវិធីចែកចាយវ៉ាក់សាំង COVID-19 អន្តរជាតិ COVAX ផងដែរ ព្រោះកន្លងមកនេះវៀតណាម បានទទួលវ៉ាក់សាំងប្រមាណ ២.៥លានដូសរួចមកហើយ។

បន្ថែមពីខាងលើនេះទៀត ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក បានស្វាគមន៍ចំពោះសេចក្តីសម្រេច នៃរដ្ឋបាលលោក ចូ បៃដិន ក្នុងការផ្តល់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ៨០លានដូស ទៅកាន់អន្តរជាតិ ខណៈស្ថានការណ៍ឆ្លងរាតត្បាតនៅអាស៊ីអាគ្នេយ៍ និងវៀតណាមផ្ទាល់ សុទ្ធតែកំពុងតែស្ថិតក្នុងភាពស្មុគស្មាញ។

សរុបសេចក្តីមក ក្នុងនាមជាប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក សង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយគាំទ្រវៀតណាម ព្រមទាំងប្រទេសដទៃទៀត តាមរយៈការផ្តល់ជាវ៉ាក់សាំងបង្ការ COVID-19 ហើយលោកប្រធានាធិបតីក៏ចង់ឲ្យប្រទេសវៀតណាម និងសហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរច្ចេកទេសផលិតវ៉ាក់សាំងនេះផងដែរ៕