(ម៉ុងតេវីដេអូ)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 ក្នុងចំណោមមនុស្សពេញវ័យនៅអ៊ុយរ៉ាហ្គាយ មានអាយុចន្លោះពី ១៨-៧០ឆ្នាំ ក្រោយពីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថចិន Sinovac ក្នុងរយៈពេល ១៤ថ្ងៃ បានធ្លាក់ចុះរហូតដល់ ៩៧ភាគរយឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

បន្ថែមពីខាងលើនេះ បើតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយ ដោយក្រសួងសុខាភិបាលអ៊ុយរ៉ាហ្គាយ កាលពីចុងសប្ដាហ៍មុនបានឱ្យដឹងទៀតថា សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac រួចរាល់ អត្រានៃការចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បានធ្លាក់ចុះជាង ៩៥ភាគរយ ហើយករណីឆ្លងក៏បានធ្លាក់ចុះ ៥៧ភាគរយផងដែរ។

របាយការណ៍នេះ គឺបានមកពីការធ្វើតេស្តទៅលើមនុស្ស ៧១២,៧១៦នាក់ ក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ។ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍មុន ប្រជាជនអ៊ុយរ៉ាហ្គាយប្រមាណ ២៨ភាគរយហើយដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះប្រទេសអ៊ុយរ៉ាហ្គាយ ដែលមានប្រជាជនសរុបជិត ៣.៥លាននាក់ ស្ថិតនៅតំបន់អាមេរិកខាងត្បូង បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩១,៤៨៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,២១៣នាក់ និងអ្នកជាសះស្បើយ ២៥០,០៤៩នាក់៕