(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បាននិយាយថាសហរដ្ឋអាមេរិកអនុញ្ញាតឱ្យកូរ៉េខាងត្បូងផលិតមីស៊ីលដ៏មានឥទ្ធិពល គឺជាឧទាហរណ៍មួយ នៃនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង ដែលនឹងបង្កឱ្យមានអស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េទាំងមូល។ នេះបើតាមទីភា្នក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

ប្រតិកម្មខាងលើជាការឆ្លើយតបជាលើកដំបូងបំផុតរបស់កូរ៉េខាងជើងទៅនឹងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីនកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ ដោយនៅក្នុងកិច្ចប្រជុំនេះលោក បៃដិនបានបិទបញ្ចប់ការរឹតត្បិត អស់រយៈពេលយូរណាស់មកហើយលើការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងត្បូង និងអនុញាតឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះអភិវឌ្ឍមីស៊ីលដោយមិនមានការ
កំណត់ពីចម្ងាយបាញ់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បានរារាំងកូរ៉េខាងត្បូងមិនឱ្យអភិវឌ្ឍ ឬផលិតមីស៊ីលរយៈចម្ងាយឆ្ងាយលើស ៨០០គីឡូម៉ែត្រនោះទេ ដោយសារតែបារម្ភ ពីការរត់ប្រណាំងប្រជែងនៅក្នុងតំបន់។ រយៈចម្ងាយមីស៊ីលនេះគឺគ្រប់គាន់ឱ្យកូរ៉េខាងត្បូងបាញ់ដល់កូរ៉េខាងជើង តែមិនអាចបាញ់ដល់ទឹកដីចិន ឬជប៉ុន នោះទេ៕