(ប៉េកាំង)៖ មន្ត្រីនៃរដ្ឋបាលអវកាសចិន និងជាអវកាសយានិកចិនដំបូង ដែលនឹងរួមដំណើរជាមួយសមាជិកពីររូបទៀត បានលើកឡើងថា ពួកគេនឹងត្រូវបញ្ជូនទៅកាន់ស្ថានីយអវកាសចិន ធានហឺ (Tianhe) ដែលកំពុងស្ថិតក្នុងការសាងសង់ នៅអំឡុងខែមិថុនាខាងមុខនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

លោក វ៉ាង លីវៃ (Yang Liwei) អនុប្រធានកម្មវិធីកែច្នៃបេសកកម្ម នាំមនុស្សទៅទីអវកាស និងត្រូវជាអវកាយិក ដែលមានតួនាទីឡើងទៅកាន់ ស្ថានីយអវកាស Tianhe ដោយផ្ទាល់នៅក្នុងខែមិថុនា បានលើកឡើងថា ការបាញ់បញ្ជូនអវកាសយានិកទាំងបីរូប គឺនឹងក្លាយជាការធ្វើតេស្ត នៃដំណើរការរបស់ Tianhe ក្នុងការទទួលក្រុមអវកាសយានិកចិនដំបូង និងដើម្បីដឹកជញ្ជូនឥន្ធនៈ ព្រមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់ចាំបាច់នានា ទៅកាន់ទីនោះបន្ថែមទៀតផងដែរ។

សម្រាប់បន្ទប់បន្ថែមនៃស្ថានីយអវកាស Tianhe ដែលអវកាសយានិកបីរូបខាងលើនេះត្រូវជិះ គឺមានឈ្មោះថា ហ្សិនចូវ ១២ (Shenzhou 12) នឹងត្រូវរុញច្រានដោយគ្រាប់រ៉ុក្កែតចិន Long March ចេញពីមូលដ្ឋានបាញ់បង្ហោះឈ្មោះ ជីវក្វាន់ (Jiuquan) ស្ថិតនៅភាគឦសានប្រទេសចិន នៅអំឡុងខែមិថុនា ឆាប់ៗខាងមុខនេះហើយ។ យ៉ាងណាក៏ដោយ លោក Yang ដែលជាអវកាសយានិកចិន ធ្លាប់ឡើងទៅកាន់ទីកាន់គន្លងគោចរ ជុំវិញភពផែនដីកាលពីឆ្នាំ២០០៣ មិនទាន់បានបញ្ជាក់ពេលវេលា ឲ្យច្បាស់លាស់ថា Shenzhou 12 នឹងត្រូវបាញ់បង្ហោះចំថ្ងៃណានោះឡើយ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ប្រទេសចិនបានធ្វើការបាញ់បង្ហោះ បន្ទប់ស្តុកទំនិញឈ្មោះ «ធានចូវ-២» (Tianzhou-2) ឡើងទៅកាន់ទីអវកាស ដើម្បីឲ្យវាចល័តទៅតភ្ជាប់ជាមួយ បន្ទប់ស្ថានីយអវកាសស្នូល ធានហឺ (Tianhe)។ ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើង នៅមូលដ្ឋានវិនឆាង (Wenchang) នៃខេត្តហៃណា (Hainan) ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March 7។

Tianzhou-2 មានទម្ងន់ ៤.៦៩តោន ផ្ទុកទៅដោយទំនិញ ដើម្បីឡើងទៅផ្សាភ្ជាប់ជាមួយបន្ទប់អវកាសស្នូល Tianhe។ បន្ទប់ស្នូល នៃស្ថានីយអវកាស Tianhe ត្រូវបានគ្រាប់រ៉ុក្កែត Long March 5B រុញច្រានឡើងទៅទីអវកាស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះ បន្ទប់ស្នូលដែលមានបណ្តោយ ១៦.៦ម៉ែត្រ និងអង្កត់ផ្ចិត ៤.២ម៉ែត្រ ព្រមទាំងទម្ងន់ ២២.៥តោនមួយនេះ ត្រូវបានកែតម្រូវ និងបញ្ជាឲ្យស្ថិតនៅក្នុងគន្លងត្រឹមត្រូវ។ Tianhe ពេលនេះកំពុងស្ថិតនៅរយៈកម្ពស់ «៣៦៨គីឡូម៉ែត្រ» ពីផ្ទៃផែនដី។

ដើម្បីបញ្ចប់ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន នៅឆ្នាំ២០២២ ចិនត្រូវការការបាញ់បង្ហោះរហូតដល់ទៅ ១០លើក។ ពាក្យថា Tianhe គឺមានន័យថា «វិមាននៅលើអាកាស ឬវិមានឋានសួគ៌» ហើយទម្ងន់សរុបរបស់វាគឺ ៦៦តោន នៅក្រោយការសាងសង់ចប់៕