(ហ្សេរុយសាឡឹម)៖ អ្នកនយោបាយជាតិនិយមអ៉ីស្រាអែល លោក Naftali Bennett បាននិយាយថាលោកអាចនឹងចូលរួមជាមួយរដ្ឋាភិបាលចម្រុះដ៏មានសក្ដានុពលមួយដែលនឹងបិទបញ្ចប់ការកាន់អំណាចដ៏យូរអង្វែងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

លោក Bennett ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំជាមួយសមាជិកគណបក្សរបស់លោកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយបញ្ជាក់ច្បាស់ៗថាលោកនឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយមេដឹកនាំគណបក្សប្រឆាំង លោក Yair Lapid។ លោក Bennett បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបង្កើតរដ្ឋាភិបាលរួបរួមជាតិជាមួយមិត្តរបស់ខ្ញុំគឺលោក Yair Lapid»

គួរបញ្ជាក់ថា លោក Benjamin Netanyahu មានអាយុ ៧១ឆ្នាំ ដែលកំពុងប្រឈមមុខនឹងសវនាការជុំវិញបទចោទប្រកាន់ពុករលួយ, ក្លែងបន្លំ, និងរំលោកភសេចក្ដីទុកចិត្ត បានបន្តកាន់អំណាចអស់មួយរយៈពេលធំ ខណៈអ៉ីស្រាអែលបានឆ្លងកាត់ការបោះឆ្នោតសកល ៤លើកជាប់ៗគ្នាមកហើយ ក្នុងរយៈពេល ២ឆ្នាំមកនេះ។ លោក Bennett និងលោក Lapid មានពេលរហូតដល់ថ្ងៃពុធសប្ដាហ៍នេះដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលគ្មានលោក Netanyahu៕