(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៦៥,៥៥៣នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយនេះ កើនឡើងដល់ជិត ២៨លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។

បន្ថែមពីខាងលើ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺ COVID-19 ចំនួន ៣,៤៦០នាក់ទៀត ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២៥,៩៧២នាក់ ខណៈអ្នកជាសះស្បើយសរុបកើនឡើងដល់ ២៥.៤លាននាក់។ តួលេខករណីឆ្លងប្រចាំខាងលើ គឺជាការបន្តថយចុះគួរឲ្យកត់សម្គាល់មួយ ខណៈកាលពីប៉ុន្មានសប្តាហ៍មុន វាបានលោតឡើងដល់ជាង ៤០០,០០០នាក់ឯណោះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២១២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស ដោយពេលមួយថ្ងៃសៅរ៍ម្សិលិញ វ៉ាក់សាំងចំនួនជាង៣លានដូស ត្រូវបានចាក់៕