(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារការពារមីស៉ីលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅថ្ងៃសៅរ៍សប្តាហ៍នេះ នាវាចម្បាំងអាមេរិកមួយគ្រឿង បានបរាជ័យក្នុងការធ្វើតេស្តបាញ់ស្កាត់គោលដៅមួយ ជាមីស៉ីលផ្លោងរយៈចម្ងាយមធ្យម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។

ទីភ្នាក់ងារ MDA អាមេរិក បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «គោលដៅនៃការធ្វើតេស្តនោះ គឺដើម្បីស្ទាបស្ទង់សមត្ថភាពនាវាចម្បាំង ដែលបំពាក់ប្រព័ន្ធ Aegis ប្រឆាំងមីស៉ីលផ្លោង ក្នុងការចាប់សញ្ញា តាមដាន និងបាញ់ស្ទាក់គោលដៅ ជាមីស៉ីលផ្លោងរយៈចម្ងាយមធ្យម ដោយប្រើប្រាស់មីស៉ីល SM-6 Dual II ចំនួន០២គ្រាប់ ប៉ុន្តែការបាញ់ស្ទាក់មិនអាចសម្រេច។ ទីភ្នាក់ងារ MDA មិនបាននិយាយលម្អិតអ្វីទៀតឡើយ ហើយក៏មិនបានប្រាប់ថា ការធ្វើតេស្តនោះប្រព្រឹត្តទៅនៅឯណោះដែរ។

គួរបញ្ជាក់ថា ទីភ្នាក់ងារការពារមីស៉ីលអាមេរិក ដែលស្ថិតក្រោមក្រសួងការពារជាតិអាមេរិក ជាប្រចាំតែងតែធ្វើតេស្តសមត្ថភាពការពារ គ្រាប់មីស៉ីលផ្លោង។ ទោះការធ្វើតេស្តលើកនេះ បរាជ័យក៏ដោយ ទីភ្នាក់ងារ MDA ធ្លាប់បានទទួលជោគជ័យជាច្រើនលើក ក្នុងការបាញ់ស្ទាក់មីស៉ីលផ្លោង ដោយប្រើប្រាស់មីស៉ីល SM-6 ចេញពីនាវាចម្បាំង៕