(ក្រុងព័រតូ)៖ អ្នកគាំទ្រក្រុមធំៗនៅអង់គ្លេស Manchester City និង Chelsea បានវាយគ្នាបង្កឲ្យផ្អើលដល់ប៉ូលិសនៅក្រុងព័រតូ ប្រទេសព័រទុយហ្កាល់ ចេញមកអន្តរាគមន៍ មុនការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់លំដាប់កំពូលអឺរ៉ុប Champions League ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

សារព័ត៌មានខាងលើបញ្ជាក់ថា អ្នកគាំទ្រក្រុមអង់គ្លេសទាំងពីរ បានត្រៀមទៅទស្សនាការប្រកួតដ៏ជក់ចិត្តខាងលើនេះរួចរាល់ហើយ នៅប្រទេសព័រទុយហ្កាល់។ ប៉ុន្តែ ជម្លោះបានកើតឡើង បន្ទាប់ពីពួកគេជួបមុខគ្នានៅតាមបារក្នុងតំបន់នោះ។

តាមរយៈវីដេអូដែលបង្ហោះព្រោងព្រាតលើបណ្តាញសង្គម គេឃើញមានក្រុមអ្នកគាំទ្រគប់ដបស្រាទៅវិញទៅមក ខណៈអ្នកខ្លះទៀតទាត់ និងធាក់គ្នាផងដែរ។ ភ្លាមៗនោះ ប៉ូលីសនៅក្នុងតំបន់បានចេញមកបំបែកហ្វូងអ្នកគាំទ្រ ដែលខ្វះសីលធម៌ទាំងនោះ។

ជម្លោះវាយតប់គ្នានៅតាមទីសាធារណៈ គួរឲ្យខ្មាសអៀនរវាងក្រុមមានកំណើតនៅប្រទេសអង់គ្លេសនេះ ក៏បណ្តាលឲ្យមានអ្នករបួសទៀតផង។

សារព័ត៌មានដដែលបានបន្ថែមថា ជម្លោះវាយតប់គ្នានៅតាមបារនេះបានកើតឡើង ២ថ្ងៃមកហើយ មុនការប្រកួតបញ្ចប់មកដល់។ ពួកគេថែមទាំងបានបំពានបំរាមគោចរ ដែលដាក់កំហិតត្រឹមម៉ោង ១០៖៣០នាទីយប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ការបំពានបំរាមគោចរ បានកើតឡើងបន្ទាប់ពីអាជ្ញាធរប្រទេសព័រទុយហ្គាល់ បានសម្រេចបន្ធូរបន្ថយវិធានការសុវត្ថិភាពទប់ស្កាត់ជំងឺកូវីដ១៩ សម្រាប់ក្រុមអ្នកគាំទ្រអង់គ្លេសរាប់ពាន់នាក់ ដែលចូលទៅកាន់ទីក្រុងព័រតូ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដោយមិនតម្រូវឲ្យពួកគេធ្វើចត្តាឡីស័ក និងដកការរឹតបន្តឹងលើការធ្វើដំណើរ។ នេះបើយោងតាមសារព័ត៌មាន CNA ។

សូមជម្រាបថា បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ Champion League នាថ្ងៃទី៣០ ខែឧសភាចុងសប្ដាហ៍នេះ សុទ្ធតែជាក្រុមអង់គ្លេស ដោយក្លិប Manchester City ត្រូវជួបជាមួយក្រុមតោខៀវ Chelsea។

តាំងពីពានកីឡាបាល់ទាត់លំដាប់កំពូលត្រូវបានបង្កើតឡើងមកក្រុម Chelsea ធ្លាប់ឈ្នះ ១ដងរួចហើយ ខណៈឯក្រុម Man City មិនទាន់បានឈ្នះម្តងឡើយ។ ចាំមើលតើលទ្ធផលនឹងទៅជាយ៉ាងណា! តើក្រុមទើបឈ្នះពានលំដាប់ទី១ Manchester City អាចឈ្នះ Chelsea បានទេ៕