(រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចលុបចោលបម្រាមលើអ្នកដំណើរមកពីប្រទេសចំនួន១១វិញហើយ ក្រោយដាក់អនុវត្តដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters។

ទីភ្នាក់ងារសារព័តមាន Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA ដែលទទួលបានប្រភពពីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ទៀតថាអ្នកដំណើរមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម, អាល្លឺម៉ង់, សហរដ្ឋអាមេរិក, អ៊ែរឡង់, អ៉ីតាលី, ព័រទុយហ្កាល់, ចក្រភពអង់គ្លេស, ស៊ុយអែត,ស្វីស, បារាំង និងជប៉ុន នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលមកក្នុងប្រទេសអារ៉ាប៊ីសាអូឌីតចាប់ពីថ្ងៃអាទិត្យ ស្អែកនេះតទៅ។ ប៉ុន្តែការធ្វើចត្តាឡីស័កនៅតែតម្រូវឱ្យអនុវត្តដដែល៕