(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បាននិយាយថាសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាកំពុងរួបរួមគ្នា ដើម្បីព្យាយាមដោះស្រាយការឆ្លងរីករាលដាលនៃជំងឺ COVID-19។

២៖ ប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនថ្មីចំនួន២ដែលត្រូវបានរកឃើញ ដំបូងគេនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា។

៣៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស ពាក់ព័ន្ធនឹងការបង្ខំឲ្យជើងហោះហើរអឺរ៉ុបមួយចុះចត ដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងនៅលើនោះ។

៤៖ សេចក្ដីរាយការណ៍ពីការរកឃើញសាកសពកុមារជនជាតិដើមភាគតិច នៅឯអតីតសាលារៀនមួយសម្រាប់ជនជាតិដើមភាគតិចក្នុងទីក្រុង Kamloops ស្ថិតនៅភាគខាងលិចប្រទេសកាណាដា បាននិងកំពុងធ្វើឱ្យប្រជាជនកាណាដាកត់ស្លុតជាខ្លាំង។

៥៖ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) បាននិយាយថា ជ័យជម្នះរបស់លោកគឺប្រៀបដូចជា ការទះពួកសត្រូវមួយកំផ្លៀងម្នាក់ បន្ទាប់ពីលោកបានជាប់ឆ្នោត ជាប្រធានាធិបតីសាជាថ្មីសម្រាប់អាណត្តិទី ៤ កាលពីថ្ងៃពុធកន្លងទៅ។

៦៖ តុលាការធម្មនុញ្ញនៃប្រទេសម៉ាលីបានប្រកាសតែងតាំងលោក Assimi Goita ដែលកាន់តំណែងជាអនុប្រធានាធិបតីបណ្ដោះអាសន្នឱ្យឡើងធ្វើជា ប្រធានាធិបតីម៉ាលី បណ្ដោះអាសន្ន៕