(ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនថ្មីចំនួន២ដែលត្រូវបានរកឃើញ ដំបូងគេនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរដោយផ្អែកលើសេចក្ដីរាយការណ៍របស់កាសែតវៀតណាម Vn Express បានឱ្យដឹងទៀតថាបើតាមក្រសួងសុខាភិបាលវៀតណាម វីរុសបំប្លែងខ្លួនថ្មីកូនកាត់នេះមានសមត្ថភាពឆ្លងយ៉ាងលឿនរហ័សនៅក្នុងខ្យល់ តែមិនទាន់មានការបញ្ជាក់ពីភាពកាចសាហាវរបស់វាទេ។ វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា ត្រូវបានគេរកឃើញច្រើនជាងគេនៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗ ដែលត្រូវបានគេរាយការណ៍ ក្នុងប្រទេសវៀតណាម។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ៦,៥៧០ករណី ក្នុងនោះករណីសហគមន៍មានចំនួន ៥,០៧៧ករណី និងករណីនាំចូល ១,៤៩៣ករណី ខណៈអ្នកស្លាប់មាន ៤៧នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនសរុប ២,៨៩៦នាក់៕