(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាកំពុងរួបរួមគ្នាដើម្បីព្យាយាមដោះស្រាយការឆ្លងរីករាលដាលនៃជំងឺ COVID-19 ហើយទីក្រុងវ៉ាស៉ីនតោនចង់ធ្វើឱ្យប្រាកដថាខ្លួននឹង ចាត់វិធានការដើម្បីជួយឥណ្ឌាដែលកំពុងប្រឈមនឹងវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសង្កា (Subrahmanyam Jaishankar) ដែលបានចំណាយពេលមួយសប្ដាហ៍នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយ ចំពេលមានរលកទី២ នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅប្រទេសរបស់ខ្លួន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅពេលកំពុងឈរជាមួយលោក Antony Blinken នៅឯក្រសួងការបរទេសអាមេរិកថាឥណ្ឌាសូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានគាំទ្រយ៉ាងខ្លាំង និងចូលរួមសាមគ្គីភាពជាមួយប្រទេសឥណ្ឌា។

លោក Antony Blinken ក៏បានគូសបញ្ជាក់បន្ថែមថា «នៅក្នុងថ្ងៃដំបូងនៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ប្រទេសឥណ្ឌាស្ថិតនៅទីនេះសម្រាប់យើង»។ នេះជាអ្វីមួយដែលយើងនឹងមិនអាចបំភ្លេចបាន។ ហើយឥឡូវនេះយើងចង់ធ្វើឱ្យប្រាកដថាយើងនៅទីនេះសម្រាប់ប្រទេសឥណ្ឌាវិញផងដែរ។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌាគឺមាន «សារៈសំខាន់ណាស់» និង «រឹងមាំណាស់»

គួរបញ្ជាក់ថា ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក នៅក្នុងខែនេះបានកត់ត្រានូវចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុតគិតចាប់តាំងពីមានការឆ្លងរីករាលនៃជំងឺនេះជាងមួយឆ្នាំមកហើយ។ ប្រជាជនឥណ្ឌាប្រមាណតែ ៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនឥណ្ឌាសរុប ១.៣ ពាន់លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូសដែលជាអត្រាទាបបំផុតក្នុងចំណោមប្រទេសចំនួន ១០ ដែលមានករណីឆ្លងច្រើនជាងគេ៕