(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) បាននិយាយថា ជ័យជម្នះរបស់លោកគឺប្រៀបដូចជា ការទះពួកសត្រូវមួយកំផ្លៀងម្នាក់ បន្ទាប់ពីលោកបានជាប់ឆ្នោត ជាប្រធានាធិបតីសាជាថ្មីសម្រាប់អាណត្តិទី ៤ កាលពីថ្ងៃពុធកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

លោក បាហ្សា អាល់ អាស្សាដ ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃសុក្រសប្ដាហ៍នេះដោយបញ្ជាក់ត្រង់ៗថា ជ័យជម្នះរបស់លោកជាការទះ សត្រូវមួយកំផ្លៀង ហើយដែលការលើកឡើងបែបនេះ ទំនងជាចង់សំដៅទៅលើក្រុមអ្នកប្រឆាំង គាំទ្រដោយលោកខាងលិច, ក្រុមឧទ្ទាមប្រដាប់អាវុធ និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសដែលមិនទទួលស្គាល់ ការបោះឆ្នោតប្រធានាធិបតីនៅស៊ីរី។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានសភាស៊ីរីបានប្រកាសពី ជោគជ័យរបស់លោក បាហ្សា អាល់ អាស្សាដ ក្នុងការបោះឆ្នោត ជាមួយនឹងសំឡេងគាំទ្រ ៩៥.១% ឯណោះ។ ប៉ុន្តែសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៉ីតាលីបានប្រកាស «មិនទទួលស្គាល់» លទ្ធផលបោះឆ្នោតនៅស៊ីរីដោយចាត់ទុកថា វាមិនស្របច្បាប់។

លោក បាស្សា អាល់អាសាដ បានឡើងកាន់តំណែងជាប្រធានាធិបតីស៊ីរី ដោយបន្តវេនពីឪពុករបស់លោកគឺលោក ហាហ្វេស អាល់ អាស្សាដ (Hafez al-Assad) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ ហើយបើតាម រដ្ឋធម្មនុញ្ញស៊ីរីបច្ចុប្បន្នដែលអនុម័តកាលពីឆ្នាំ២០១២ ប្រធានាធិបតីម្នាក់មានសិទ្ធិចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតបានតែ ០២លើក ឬ ០២អាណត្តិ (មួយអាណត្តិមានរយៈពេល ០៧ឆ្នាំ) តែប៉ុណ្ណោះ ដែលមានន័យថា អាណត្តិថ្មីនេះនឹងក្លាយជា «អាណត្តិចុងក្រោយ» របស់លោក អាស្សាដ ហើយ៕