(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស ពាក់ព័ន្ធនឹងការបង្ខំឲ្យជើងហោះហើរអឺរ៉ុបមួយចុះចត ដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងនៅលើនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកឆ្លើយឆ្លងព័ត៌មាននៃសេតវិមាន លោកស្រី ចេន សាគី (Jen Psaki) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយហៅការបង្ខំជើងហោះហើរនៃអាកាសចរណ៍ Ryanair ឲ្យចុះចតដើម្បីចាប់ខ្លួនអ្នកកាសែតប្រឆាំងកាលពីថ្ងៃទី២៣ ខែឧសភានោះថា «ជាការប្រមាថដោយផ្ទាល់ ទៅនឹងច្បាប់-បទដ្ឋានអន្តរជាតិ»

ជាការបន្ថែមទៅនឹងអ្វីដែលខ្លួនបានប្រកាស កាលពីប៉ុន្មានសប្តាហ៍មុន សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ទៀតថា ខ្លួនកំពុងធ្វើការងារនេះ ជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំបញ្ជីទណ្ឌកម្មបន្ថែម និងឈ្មោះសមាជិកសំខាន់ៗ នៃរបបដឹកនាំរបស់ប្រធានាធិបតីបេឡារុសលោក អេឡិចហ្សាដឺ លូកាហ្សេនកូ (Alexander Lukashenko)។

ដោយឡែកសម្រាប់ទណ្ឌកម្មសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានដាក់ ដើម្បីប្រឆាំងនឹងក្រុមហ៊ុនរដ្ឋបេឡារុសចំនួន ០៩ កាលពីខែមេសា ឆ្នាំ២០២១ ជុំវិញការបង្ក្រាបក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០៣ ខែមិថុនា ខាងមុខនេះតទៅហើយ៕