(ហាណូយ)៖ ប្រភពពីក្រុមហ៊ុនឧស្សាហកម្មបានរាយការណ៍ឲ្យដឹងថា ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺកូវីដ១៩ បានធ្វើឱ្យដំណើរការផលិតកម្មរបស់រោងចក្រនានា នៅតាមបណ្តាខេត្តឧស្សាហកម្មភាគខាងជើង នៃប្រទេសវៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

ខេត្តភាគខាងជើងប្រទេសវៀតណាម ជាកន្លែប្រមូលផ្តុំដោយរោងចក្រឧស្សាហកម្មធំៗតួយ៉ាងដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung និងក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកផ្សេងៗទៀត។

បន្ទាប់ពីទទួលបានជោគជ័យលើការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០កន្លងទៅនេះ វៀតណាមនៅពេលនេះកំពុងប្រឈមមុខនឹងការផ្ទុះឆ្លងក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំលើសពេលណាៗ។ មនុស្សជាង ៣,០០០នាក់នៅក្នុងទីក្រុង និងខេត្តចំនួន៦៣ ហើយ ដែលត្រូវបានរាយការណ៍ថា បានឆ្លងជំងឺនេះ ចាប់តាំងពីចុងខែមេសាកន្លងទៅ។

រដ្ឋធានីហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងនៃទីក្រុងហូជីមិញ បានបិទភោជនីយដ្ឋាន និងហាមឃាត់ការជួបជុំសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រភពពីក្រុមហ៊ុនអាជីវកម្មធំៗចំនួនបួនបាននិយាយថា ប្រតិបត្តិការរបស់ពួកគេត្រូវបានរងផលប៉ះពាល់ ដោយសារតំបន់មួយចំនួនត្រូវបានបិទខ្ទប់ ខណៈក្រុមហ៊ុនខ្លះទៀតតម្រូវឲ្យបែងចែកវេនបុគ្គលិកធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងកូវីដ១៩។ ការណ៍នេះវាបានធ្វើឱ្យមានការព្រួយបារម្ភអំពីការរំខានដល់ចង្វាក់ផ្គត់ផ្គង់៕