(វៀងចន្ទន៍)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០ករណីបន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ក៏បានរាយការណ៍ថាស្លាប់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អគ្គនាយករងនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវ លោក Latsamy Vongkhamsao បានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកស្លាប់ម្នាក់នោះជាបុរសដែលអាយុ ៧៤ឆ្នាំដែលត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។

ប្រទេសឡាវ បានរាយការណ៍ពីការស្លាប់ជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ ចំណែកករណីឆ្លង ០២ករណីដំបូងត្រូវបានរាយការណ៍នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃសុក្រនេះ ប្រទេសឡាវ បានកត់ត្រានូវចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,៩០៥នាក់ ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,២៨១នាក់៕