(កូឡុំបូ)៖ កាកសំណល់ផ្លាស្ទិករាប់តោនមកពីកប៉ាល់ដឹកកុងតឺន័រមួយ ដែលបានឆាបឆេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ នៅប្រទេសស្រីលង្កានោះ នៅថ្ងៃសុក្រនេះ បានរសាត់អណ្ដែតមកទើរលើឆ្នេរមួយ ដែលស្ថិតនៅក្បែររដ្ឋធានី កូឡុំបូ (Colombo) ខណៈកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីជួយសង្គ្រោះកប៉ាល់នោះ បានឈានដល់ថ្ងៃទី០៩ហើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

ផ្សែងខ្មៅងងឹតបានហុយចេញពីកប៉ាល់ខាងលើឈ្មោះ MV X-Press Pearl ដែលចុះបញ្ជីនៅសិង្ហបុរី។ កប៉ាល់នោះបានថតនៅក្បែរកំពង់ផែ រដ្ឋធានីកូឡុំបូន ខណៈការឆាបឆេះជាច្រើនថ្ងៃរបស់វា បានបង្កើនឱ្យមានការភ័យខ្លាចថា កប៉ាល់នោះអាចនឹងដាច់ជាពីរកំណាត់ ដែលអាចបង្កឱ្យកំពប់ប្រេងចេញប្រមាណ ២៧៨តោន ទៅលើផ្ទៃសមុទ្រ។

សមាជិកកងទ័ពជើងទឹកស្រីលង្ការជាច្រើននាក់ ត្រូវបានបញ្ជូនឲ្យទៅសម្អាតកាកសំណល់ផ្លាស្ទិច លាយឡំជាមួយប្រេង រួមនិងកាកសំណល់ផ្សេងៗទៀត ដែលបានរសាត់អណ្ដែតមកទើរលើឆ្នេរ Negombo ដែលស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីកូឡុំបូ។ ឆ្នេរ Negombo នោះជាធម្មតា គឺជាឆ្នេរកំសាន្តសម្រាប់ភ្ញៀវទេសចរ និងត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលនេសាទផងដែរ។

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីស្រីលង្ការ កប៉ាល់នោះ ត្រូវបានគេដឹងថា បានដឹកនូវកុងតឺន័រយ៉ាងតិចចំនួន២៨ទូ ដែលផ្ទុកផ្លាស្ទិច ត្រូវយកទៅប្រើជាវត្ថុធាតុដើមនៅក្នុងឧស្សាហកម្មវេចខ្ចប់។ កប៉ាល់នោះ បានឆាបឆេះតាំងពីថ្ងៃទី២០ ខែឧសភាមកម៉្លេះ នៅពេលដែលវាកំពុងរង់ចាំការអនុញ្ញាតឲ្យ ចូលចតនៅកំពង់ផែរដ្ឋធានីកូឡំបូ៕