(ណៃពិដោ)៖ វ៉ាក់សាំងបង្ការ COVID-19 Sinopharm ដែលត្រូវបានឧបត្ថម្ភដោយប្រទេសចិន មកកាន់សហភាពមីយ៉ាន់ម៉ា នឹងត្រូវធ្វើការបែងចែកទៅតាមតំបន់ និងរដ្ឋនានា ដោយយោងទៅលើស្ថានភាពជាក់ស្តែង នៃការឆ្លងរាតត្បាត COVID-19 ក្នុងតំបន់ និងរដ្ឋទាំងនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok post នៅរសៀលថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ាបានទទួលវ៉ាក់សាំង Sinopharm ជាជំនួយពីប្រទេសចិនប្រមាណ ៥០០,០០០ដូសកាលពីដើមខែឧសភានេះ ហើយរដ្ឋាភិបាលកំពុងតែព្យាយាមចាត់ចែង ដើម្បីចាក់ជូនបុគ្គលិកសុខាភិបាលជួរមុនជាអាទិភាព។

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការ COVID-19 សរុប ២.៩៩លានដូសហើយត្រូវបានប្រើប្រាស់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះប្រជាជន ១.៧៧លាននាក់បានចាក់ដូសដំបូង (៣.៣% នៃចំនួនប្រជាជនសរុប) និង ១.២២លាននាក់បានចាក់គ្រប់ដូស (២.៣% នៃប្រជាជនសរុប)។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះមីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុបជិត ១៤៥,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៣,២១៦នាក់ និងជាសះស្បើយវិញជាង ១៣២,០០០នាក់។ ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនសរុបជិត ៥៥លាននាក់៕