(ប៉េកាំង)៖ បើលោកអ្នកទៅទស្សនាភាពយន្តហូលីវូដនៃសហរដ្ឋអាមេរិក ជាពិសេសគឺភាពយន្តប្រភេទចារកម្ម នោះលោកអ្នកពិតជានឹងមាន ការស្ញប់ស្ញែងជាប់មិនដាច់ចំពោះឧបករណ៍ដ៏ចម្លែកអស្ចារ្យនិងបច្ចេកទេសគ្រប់បែបយ៉ាងរបស់អ្នកស៊ើបការណ៍អាមេរិកក្នុងភាពយន្ត។ ប៉ុន្តែ តាមពិតទៅ ប្រការទាំងនេះសុទ្ធតែត្រូវជនជាតិអាមេរិកបានប្រើប្រាស់ ទៅក្នុងការពិតជាក់ស្តែងរួចជាស្រេចហើយ។

លោកអ្នកមិនបានស្តាប់ខុសទេ នេះគឺជារឿងពិតប្រាកដ តែមិនមែនប្រឌិតឡើងនោះទេ។ អាមេរិកបានបង្កើតគម្រោងដ៏ធំមួយ ដើម្បីខំប្រឹងឱ្យអស់ពីសមត្ថភាពក្នុងការស៊ើបការណ៍ នៅទូទាំងពិភពលោក។ ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តីអាមេរិក «Newsweek» បានទម្លាយឱ្យដឹងថា ដើម្បីជំរុញ «ប្រតិបត្តិការសម្ងាត់ជាសកល» ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ក្រសួងការពារជាតិអាមេរិក បានបង្កើតគម្រោងដ៏ធំមួយឈ្មោះ «កាត់បន្ថយការស៊ីញេឈ្មោះ»។

មនុស្សជាង៦ម៉ឺននាក់បានធ្វើសកម្មភាពសម្ងាត់ ក្នុងទឹកដីអាមេរិកនិងតំបន់នានាលើពិភពលោកទាំងមូល ដោយលាក់បាំងអត្តសញ្ញាណរបស់ខ្លួន ពួកគេហាក់ដូចជា «កងកម្លាំងខ្មោច»។ ពួកគេលែងប្រើឈ្មោះពិត និងអត្តសញ្ញាណពីមុនរបស់ខ្លួន ហើយបង្កប់ខ្លួនក្នុងសហគ្រាសឯកជន ឬក្រុមហ៊ុនប្រឹក្សាយោបល់គ្រប់បែបយ៉ាង ហើយបានចេញមុខក្នុងជីវភាពពិត ព្រមនិងពិភពបណ្តាញសិប្បនិម្មិត។

ក្នុងប្រតិបត្តិការសម្ងាត់ ពួកគេបានប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង ដោយឡែក មជ្ឈមណ្ឌលកម្មវិធីប្រតិបត្តិ និងស៊ើបការណ៍របស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក បានផ្តល់សេវាលាក់បាំងអត្តសញ្ញាណដល់ អ្នកស៊ើបការណ៍សម្ងាត់ទាំងនេះ។ ក្រៅពីនេះ សហគ្រាសអាមេរិកមួយចំនួន បានផលិតផលស៊ីលីកុនរាងកាយសិប្បនិម្មិតសម្រាប់ «កងកម្លាំងខ្មោច» ដ៏អាថ៌កំបាំងនេះ ឧទាហរណ៍ដូចជាអ្វីដែលហៅថា «របាំងមុខធ្វើពីស្បែកមនុស្ស» វាអាចប្រៀបធៀបទៅនឹង បច្ចេកទេសផ្លាស់មុខ ក្នុងភាពយន្តអាមេរិកឈ្មោះ « Mission:Impossible»។ និយាយសរុបទៅ ពួកគេបានលួចស៊ើបការណ៍ ក្រោមការជួយបិទបាំងរបស់គម្រោង «កាត់បន្ថយការស៊ីញេឈ្មោះ»។

«Newsweek» អាមេរិក បានផ្សាយដំណឹងឱ្យដឹងថា គម្រោង «កាត់បន្ថយការស៊ីញេឈ្មោះ» ដែលដឹកនាំនិងអនុវត្តដោយ មន្ទីរបញ្ចកោណអាមេរិក មិនទទួលការត្រួតពិនិត្យទាំងស្រុង គ្មានអ្នកណាដឹងច្បាស់ពីទ្រង់ទ្រាយសរុប នៃគម្រោងនេះនោះទេ ហើយរដ្ឋសភាអាមេរិក ក៏មិនធ្លាប់រៀបចំសវនាការអំពីរឿងនេះផងដែរ។ ប៉ុន្តែ កងទ័ពសម្ងាត់ដែលមានទ្រង់ទ្រាយកាន់តែធំ ពីមួយថ្ងៃទៅមួយថ្ងៃនេះ បានបំពានខ្សែបន្ទាត់ក្រហម នៃច្បាប់ក្នុងប្រទេសអាមេរិកនិង «អនុសញ្ញាហ្សឺណែវ» ក៏ដូចជាក្រមប្រតិបត្តិយោធាអាមេរិកផងដែរ។ ប្រការនេះគឺជាទង្វើនៃសង្រ្គាមសម្ងាត់ ការប្រើអត្តសញ្ញាណមិនពិត វាអាចផ្តាច់ទំនាក់ទំនងផ្នែកនយោបាយ ការគំរាមកំហែងកំបាំងក៏ដូចគ្នានឹងព្រឹត្តិការណ៍ «PRISM» ដែលត្រូវទម្លាយកាលពីមុនអ៊ីចឹងដែរ មានភាពឧក្រិដ្ឋនិងគ្រោះមហន្តរាយយ៉ាងខ្លាំងក្លា ៕