(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤,៣៩៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៣០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩៩៩,៦៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៧,៧២៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៧០១,៨៧៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សេតវិមានកាលពីដើមសប្ដាហ៍នេះបានប្រកាសថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ប្រមាណជាងពាក់កណ្តាលហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬ ០២ដូស ពោលគឺប្រហែល ០៦សប្តាហ៍ មុនគោលដៅរបស់លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី០៤ ខែកក្កដា ដែលសមានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យ នៅសហរដ្ឋអាមេរិកប្រមាណ ៧០ភាគរយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៩លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៥.០៧លាននាក់ (៥០.៣%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៣២លាននាក់ (៤០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕