(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UNHRC) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបោះឆ្នោតគាំទ្រ ឲ្យបើកការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ ទៅលើបទឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ក្នុងជម្លោះរយៈពេល ១១ថ្ងៃរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅតំបន់ហ្គាហ្សា (Gaza) ខណៈប៉ាឡេស្ទីនបានប្រកាសគាំទ្រភ្លាមៗ ក្រោយពីការដឹងឮព័ត៌មាននេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

ការស៊ើបអង្កេតអន្តរជាតិ នឹងមានអាណត្តិរយៈពេលវែង ដើម្បីពិនិត្យមើលរាល់ការរំលោភបំពាន ដែលត្រូវបានចោទប្រកាន់ទាំងអស់ មិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សា (Gaza) និងតំបន់ វែសត៍ ប៊ែង (West Bank) ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ ក្នុងកំឡុងពេលមានអរិភាពដែលត្រូវបានបញ្ឈប់ ដោយបទឈប់បាញ់គ្នាកាលពីថ្ងៃទី២១ ខែឧសភា។

លោកស្រី មីសែល បាសែលឡេត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សានេះថា ការវាយប្រហារដោយប្រទេសអ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាដែលបានសម្លាប់មនុស្សជាច្រើននាក់ អាចជាបទឧក្រិដ្ឋកម្មសង្គ្រាម ហើយការបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាសគឺជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ។

លោកស្រី Michelle Bachelet បានគូសបញ្ជាក់ប្រាប់បន្ថែមថា ការិយាល័យរបស់លោកស្រីបានផ្ទៀងផ្ទាត់ការស្លាប់របស់ប្រជាជនប៉ាឡេស្ទីន គឺមានចំនួន ២៧០នាក់នៅតំបន់ Gaza, West Bank និង East Jerusalem រួមទាំងកុមារចំនួន ៦៨នាក់ផងដែរ នៅក្នុងអំពើហិង្សាក្នុងខែនេះ ហើយពួកគេភាគច្រើនត្រូវបានសម្លាប់នៅតំបន់ Gaza។ ចំណែកឯគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមហាម៉ាស់ បានសម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន ១០នាក់។

ជម្លោះបានផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាស់ បានទាមទារឱ្យកងកម្លាំងសន្តិសុខអ៊ីស្រាអែល ចាកចេញពីបរិវេណព្រះវិហារអ៊ីស្លាម អាល់ អាកសា (al-Aqsa) នៅទីក្រុង ហ្សេរុយសាឡឹម (Jerusalem) ភាគខាងកើតប្រទេសអ៊ីស្រាអែល បន្ទាប់ពីការប្រឈមមុខដាក់គ្នា យ៉ាងក្តៅគគុកនៅទីនោះជាមួយជនជាតិប៉ាឡេស្ទីន ហើយក្រោយមកក្រុមហាម៉ាស់បានបាញ់គ្រាប់រ៉ុក្កែត ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា តាមរយៈការបោះឆ្នោតក្នុង UNHRC ដែលមានសំឡេងគាំទ្រដោយប្រទេសចំនួន ២៤ និងសំឡេងប្រឆាំងដោយប្រទេសចំនួន ០៩ ជាមួយប្រទេស ១៤ ទៀតបានធ្វើអនុប្បវាទ ក្រុមប្រឹក្សាដែលមានសមាជិក ៤៧រូបមួយនេះ បានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដែលនាំមកដោយអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) និងគណៈប្រតិភូប៉ាឡេស្ទីន ទៅកាន់អង្គការសហប្រជាជាតិ៕