(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភានេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៧,៨៥៧ករណី ដែលជាការបំបែកកំណត់ត្រាថ្មីបីថ្ងៃជាប់ៗមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

តំបន់ Klang Valley រ៉ាប់រ៉ងតែឯងប្រមាណ ៤០ភាគរយ នៃចំនួនករណីឆ្លងថ្មីនៅថ្ងៃនេះ។ ចំណែកនៅរដ្ឋ Selangor រ៉ាប់រ៉ង ២,៦៧៥ករណី និង ៥៦១ករណីនៅរដ្ឋធានីគូឡាឡាំពួ។

ក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ដោយជំងឺដ៏កាចសាហាវនេះចំនួន ៥៩នាក់ផងដែរ ដែលនាំឲ្យតួលេខអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ២,៤៩១នាក់។

អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានអំពាវនាវដល់សាធារណៈជនម្តងហើយម្តងទៀតឱ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាព និងចាកចេញពីផ្ទះនៅណាដែលចាំបាច់បំផុតប៉ុណ្ណោះ។

ជាសរុបរហូតមកដល់ពេលនេះ ម៉ាឡេស៊ីមានករណីឆ្លង COVID-19 ចំនួន ៥៤១,២២៤ករណី ក្នុងនោះ ៦៩,៤០៨នាក់ជាករណីសកម្ម ឬករណីអ្នកមិនទាន់ជាសះស្បើយ៕