(ម៉ាលី)៖ ប្រធានាធិបតីប្រទេសម៉ាលី លោក Bah N'Daw និងនាយករដ្ឋមន្រ្តី លោក Moctar Ouane នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានយោធា ដោះលែងវិញហើយ ក្រោយការចាប់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នា២០២១។

ការដោះលែងខាងលើនេះធ្វើឡើង បន្ទាប់ពីលោក Bah N'Daw និង លោក Moctar Ouane បានសម្រេចលាលែងពីតំណែងជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធម្សិលមិញ គឺពីរថ្ងៃក្រោយអ្នកទាំងពីរ ត្រូវបានយោធាចាប់ខ្លួន។ ការចាប់ខ្លួនលោក N'Daw និង លោក Ouane បានប្រព្រឹត្តទៅ ក្រោយការរុះរើគណៈរដ្ឋមន្រ្តីមួយ ដែលបណ្តាលឲ្យមន្រ្តីយោធាពីររូបបាត់បង់តំណែង។ ការចាប់ខ្លួននោះ ត្រូវបានដឹកនាំដោយលោក Assimi Goita ជាអនុប្រធានាធិបតី ដែលបាននិយាយការពារទង្វើខ្លួនថា ដោយសារតែលោក N'Daw និង លោក Ouane បានបំពានច្បាប់ ដោយមិនបានប្រឹក្សាយោបល់ជាមួយរូបលោកជាមុន អំពីការរុះរើគណៈរដ្ឋមន្រ្តី។

គួរបញ្ជាក់ថា លោក Goita ក៏ជាអ្នកដែលបានរៀបចំការធ្វើរដ្ឋប្រហារ កាលពីខែសីហា ឆ្នាំ២០២០ ទម្លាក់អតីតប្រធានាធិបតី លោក Ibrahim Boubacar Keita ផងដែរ។ ក្រោយការចាប់ខ្លួនលោក N'Daw និង លោក Ouane លោក Goita បានអះអាងថា ការបោះឆ្នោតដែលគ្រោងធ្វើឡើង នៅឆ្នាំក្រោយ នឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល។ ដោយឡែក បន្ទាប់លោក N'Daw និង លោក Ouane បានលាលែងពីតំណែងបែបនេះ អំណាចទំនងជាត្រូវធ្លាក់ទៅលើលោក Goita ជាបណ្តោះអាសន្ន ជាមួយនាយករដ្ឋមន្រ្តី ដែលនឹងត្រូវជ្រើសរើសថ្មី៕