(វ៉ាស៊ីនតោន)៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកបានប្រកាសថា ការស្វែងរកប្រភពដើមនៃវីរុស COVID-19 គឺជាភារកិច្ចរបស់អ្នកវិទ្យាសាស្ត្រ ហើយការប្រើប្រាស់ការស៊ើបអង្កេត ដើម្បីចំណេញនយោបាយមានតែបំផ្លាញ ដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យនៃស្ថានទូតចិន បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «ពាក់ព័ន្ធនឹងការស៊ើបអង្កេតពីប្រភពដើម COVID-19 យើងធ្លាប់បានអំពាវនាវជាច្រើនលើក ឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើមូលដ្ឋានទទួលស្គាល់ការពិត និងវិទ្យាសាស្ត្រ ដើម្បីឱ្យយើងអាចរកវិធានការ ឬមធ្យោបាយដ៏ប្រសើរបំផុត ក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាត ដទៃណាមួយនៅពេលអនាគត»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះដែរបានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក តាមដានរកប្រភពដើមនៃ COVID-19 ហើយរាយការណ៍មកកាន់លោកវិញនៅអំឡុងពេល ៩០ថ្ងៃ។ បទបញ្ជារបស់លោក ចូ បៃដិន បានកើតឡើងបន្ទាប់ពីមាន ការលេចចេញព័ត៌មានសង្ស័យមួយចំនួន អំពីប្រភពដើមនៃ COVID-19 ដែលត្រូវបានចុះផ្សាយភាគច្រើន ដោយសារព័ត៌មាននានានៅអាមេរិកផ្ទាល់ ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ។

ជុំវិញបញ្ហាខាងលើនេះ អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានបញ្ជាក់រួចទៅហើយថា វាមានលទ្ធភាពខ្ពស់ជាទីបំផុត ដែលវីរុសកូរ៉ូណា (COVID-19) មានប្រភពដើមចេញពីសត្វ រួចទើបចម្លងទៅកាន់មនុស្ស ហើយការដែលអះអាងថា វីរុសនេះត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍នោះ គឺជាការលើកឡើងដោយមិនត្រឹមត្រូវទាល់តែសោះ៕