(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែឧសភា តាមម៉ោងក្នុងតំបន់ តំបន់នានានៃសហរដ្ឋអាមេរិកបានរៀបចំសកម្មភាព ដើម្បីរំលឹកវិញ្ញាណក្ខន្ធលោក George Floyd ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ដែលត្រូវប៉ូលិសអាមេរិកស្បែកសយកជង្គង់សង្កត់ករហូតដល់ស្លាប់កាលពីមួយឆ្នាំមុន។ ពិតមែនតែលោក Derek Chauvin ប៉ូលិសពាក់ព័ន្ធនឹងសំណុំរឿងនេះត្រូវកាត់ក្តីថាមានទោសក៏ដោយ ក៏ប៉ុន្តែមួយឆ្នាំកន្លងផុតទៅហើយ ពូជសាសន៍និយមជាប្រព័ន្ធដែលជា «ស្នាមប្រឡាក់ក្នុងជម្រៅចិត្ត» របស់សហរដ្ឋអាមេរិកនេះមិនត្រឹមតែមិនបានបន្ធូរបន្ថយនោះទេ បែរជាកាន់តែធ្ងន់ធ្ងរទៅទៀត។

ទស្សនាវដ្តី «Time» បានផ្សាយដំណឹងឱ្យដឹងថា ការពិនិត្យអង្កេតជាច្រើនបានបង្ហាញថាចាប់តាំងពីខែមិថុនាឆ្នាំ២០២០មក ល្បឿនសម្លាប់មនុស្សរបស់ប៉ូលិសអាមេរិក ស្ទើរតែដូចគ្នានឹងរយៈពេល៥ឆ្នាំកន្លងទៅនេះ។ ពីដើមឆ្នាំ២០២១រហូតដល់ថ្ងៃទី៣០ខែមេសា មានតែរយៈពេល៦ថ្ងៃប៉ុណ្ណោះដែលប៉ូលីសអាមេរិកមិនបានសម្លាប់
មនុស្ស។ ប្រការដែលកាន់តែអាប់អួរជាងនេះទៅទៀត គឺទង្វើអនុវត្តច្បាប់ដោយហិង្សា ដែលឈរលើមូលដ្ឋានរើសអើងពូជសាសន៍។

តាមស្ថិតិនៃ «ផែនទីអំពីអំពើហិង្សារបស់ប៉ូលិស» ដែលជាកម្មវិធីស៊ើបអង្កេតឯករាជ្យរបស់អាមេរិកឱ្យដឹងថាក្នុងចំណោមមនុស្សចំនួន១១២៦នាក់ដែលត្រូវប៉ូលិស សម្លាប់នៅអាមេរិកនៅឆ្នាំ២០២០ មានមនុស្ស ២៨ភាគរយគឺជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ដែលខ្ពស់យ៉ាងច្រើនជាងសមាមាត្រដែលត្រូវជា១៣ភាគរយ នៃចំនួនប្រជាជនអាមេរិក។ គិតមកទល់បច្ចុប្បន្ននេះ «សំណុំរឿងរបស់លោក George Floyd ថ្មី» នៅតែកើតឡើងក្នុងសង្គមអាមេរិកជាបន្តបន្ទាប់។

ព្រមពេលជាមួយគ្នានេះ ដំណើរកែទម្រង់កិច្ចការប៉ូលិសដែលអំពាវនាវដោយភាគីនានារបស់អាមេរិករងការរារាំងជាញឹកញាប់។ សេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ កិច្ចការប៉ូលិសដែលដាក់ឈ្មោះ George Floyd មិនត្រឹមតែមិនត្រូវបានចុះហត្ថលេខាក្លាយជាច្បាប់ក្នុងឱកាសខួបទីមួយនៃឃាតកម្មរបស់លោក George Floyd ប៉ុណ្ណោះទេ ថែមទាំងក៏មានលទ្ធភាពមិនអាចត្រូវអនុម័តដោយព្រឹទ្ធសភាទៀតផង។ ជាងនេះទៅទៀត រដ្ឋជាច្រើននៃសហរដ្ឋអាមេរិកបានប្រព្រឹត្តផ្ទុយទៅវិញ បាននាំគ្នាអនុម័តលើសេចក្តីព្រាងច្បាប់ឬចាត់វិធានការដើម្បីបង្កើនអំណាចរបស់ផ្នែកប៉ូលិស ក៏ដូចជាលើកកម្ពស់ការដាក់ពិន័យទៅលើការចូលរួម ចលាចលនិងការការពារប៉ូលិសផងដែរ។

រីឯយោងតាមទិន្នន័យនៃ «ផែនទីអំពីអំពើហិង្សារបស់ប៉ូលិស» ដែលជាកម្មវិធីស៊ើបអង្កេតឯករាជ្យបានឱ្យដឹងថា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ក្នុងចំណោមប៉ូលិសដែល បានបណ្តាលឱ្យមនុស្សស្លាប់ក្នុងដំណើរការអនុវត្តច្បាប់ អ្នកដែលមិនត្រូវគេចោទប្រកាន់មានអត្រាឡើងដល់៩៨.៣ភាគរយ។

ការតម្កល់ទុកផលប្រយោជន៍របស់មនុស្ស ស្បែកសជាចម្បងដែលបានដាក់ក្នុងផ្នត់គំនិតក្នុងសង្គម ការបណ្តែតបណ្តោយញុះញង់យូរអង្វែងនៃប្រព័ន្ធច្បាប់អាមេរិក និងអ្នកនយោបាយទាំងអស់ មិនបំពេញភារកិច្ចរហូតដល់ឆ្លៀតឱកាសនេះបង្ករឿងហេតុល។ល កត្តាទាំងនេះធ្វើឱ្យគោលដៅស្តីពីសមភាពខាងពូជសាសន៍ ដែលជនជាតិអាមេរិកប្រាថ្នាចង់បាននោះកាន់តែពិបាកនឹងសម្រេចបាន៕