(ប៉េកាំង)៖ នៅវេលាម៉ោង ១៣ និង ០៧នាទី កាលពីថ្ងៃទី ២២ ខែឧសភា លោក Yuan Longping បិតាស្រូវបង្កាត់ បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិស្វកម្មចិន និងជាអ្នកទទួលគ្រឿងឥស្សរិយយសរបស់សាធារណរដ្ឋប្រជាមានិតចិនបានទទួលមរណភាពនៅអាយុ៩១ ឆ្នាំនៅក្រុង ឆាងសាខេត្ត ហ៊ូណាន នៃប្រទេសចិន។

ដំណឹងគួរឱ្យសោកស្តាយនេះបណ្តាលឱ្យប្រជាជនចិនទាំងអស់មានអារម្មណ៍ក្រៀមក្រំយ៉ាងក្រៃលែង។ ស្នាដៃដ៏ធំធេងពេញមួយជីវិតរបស់លោក Yuan Longping មិនត្រឹមតែជាសមិទ្ធផលរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាសមិទ្ធផលរបស់ពិភពលោកទាំងមូលផងដែរ។ ពិតមែនតែលោក Yuan Longping បានទទួលមរណភាពក៏ដោយ ក៏ប៉ុន្តែជនជាតិចិនទាំងមូលនៅតែទទួលអំណោយផលពីលទ្ធផលជាផ្លែផ្កាដ៏អស្ចារ្យរបស់លោកជារៀងរហូត។

កាលពីឆ្នាំ១៩៥៣ លោក Yuan Longping បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានកសិកម្មភាគនិរតីនៃប្រទេសចិន លោកត្រូវរៀបចំចាត់ចែងធ្វើគ្រូបង្រៀននៅសាលាកសិកម្ម មួយនៅតំបន់ដាច់ស្រយាល។ ក្នុងអំឡុងពេលនេះ លោក Yuan Longping បានរកឃើញដោយចៃដន្យនូវស្រូវមួយដើមដែលមានលក្ខណៈពិសេសនៅដីស្រែពិសោធន៍ របស់សាលានេះ ដូច្នេះលោកបានធ្វើការពិសោធន៍ហើយចង់បញ្ជាក់ថាស្រូវដែលមានលក្ខណៈពិសេសបែបនេះ មានឧត្តមភាពខាងបង្កាត់ពូជស្រូវយ៉ាងច្បាស់លាស់ ហើយរំពឹងថាអាចសម្រេចបាននូវការបង្កើនប្រមូលផលនិងបានប្រាក់ចំណូលកាន់តែច្រើនដើម្បីចិញ្ចឹមប្រជាជនចិនបាន។

ក្នុងសម័យដែលគ្រោះទុរ្ភិក្សនិងភាពក្រីក្របានគ្របដណ្តប់លើប្រទេសចិនទាំងមូល ការបេ្តជ្ញាចិត្តរបស់លោក Yuan Longping គឺប្រើប្រាស់បច្ចេកទេសខាងកសិកម្ម ដើម្បីលុបបំបាត់ការគំរាមកំហែងពីគ្រោះទុរ្ភិក្ស។ តាមពិតទៅ បច្ចេកទេសស្រូវបង្កាត់មិនមែនប្រទេសចិនរកឃើញមុនគេនិងធ្វើការសិក្សាស្រាវជ្រាវមុនគេនោះឡើយ ទាំងមុនទាំងក្រោយប្រទេសជាច្រើននៅលើពិភពលោកបានទទួលបរាជ័យជាបន្តបន្ទាប់ក្នុងការសិក្សាស្រាវជ្រាវ ដូច្នេះអ្នកវិទ្យាសាស្ត្រលោកខាងលិចបានប្រកាសថា បច្ចេកទេសស្រូវបង្កាត់ធ្វើមិនកើតទាល់តែសោះ។

យ៉ាងណាមិញ លោក Yuan Longping មិនជឿហើយក៏មិនខ្លាចឧបសគ្គណាទាំងអស់ទេ ឆ្លងតាមរយៈការសិក្សាស្រាវជ្រាវអស់រយៈពេលជាង ១០ឆ្នាំ លោកសម្រេចបាន នូវការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍស្រូវបង្កាត់ឈ្មោះ «ណានយូវ១» ដែលអាចដាំដុះបាននៅឆ្នាំ១៩៧៣ ដែលអាចទទួលបានទិន្នផល ៧៥០០គីឡូក្រាមក្នុងមួយហិកតា។ បន្ទាប់មក លោក Yuan Longping ក៏បានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍស្រូវបង្កាត់ជាច្រើនប្រភេទជាបន្តបន្ទាប់ ចាប់ពីពេលនោះមក ប្រទេសចិនបានក្លាយជាប្រទេសដំបូង បង្អស់នៅលើពិភពលោកដែលអាចដាំដុះស្រូវបង្កាត់ ហើយបានដោះស្រាយបញ្ហាអត់ឃ្លានដែលប្រទេសចិនមិនដែលដោះស្រាយបានអស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមក។

ឆ្លងតាមរយៈការខិតខំប្រឹងប្រែងយ៉ាងលំបាកលំបិនអស់រយៈពេល ២០ឆ្នាំ គ្រាប់ស្រូវតូចៗបាននិងកំពុងដាំដុះនៅលើទឹកដីដ៏ធំល្វឹងល្វើយរបស់ប្រទេសចិននិងពិភពលោក នេះគឺជាបំណងប្រាថ្នាដ៏អស្ចារ្យរបស់លោក Yuan Longping។ បើនិយាយអំពីបំណងប្រាថ្នាដ៏អស្ចារ្យនេះ តាមពិតទៅ លោក Yuan Longping មានសុបិនពីរ ពោលគឺ ទីមួយ៖អាចអង្គុយនៅក្រោមម្លប់ស្រូវ។ លោកមានសុបិនថា ក្នុងដីស្រែពិសោធន៍ ស្រូវបានលូតលាស់ខ្ពស់ណាស់ ហើយលោកអាចអង្គុយនៅក្រោមម្លប់ស្រូវ។
ទី២៖ ស្រូវបង្កាត់អាចដាំដុះនៅពិភពលោកទាំងមូល។ ដីស្រែដាំស្រូវនៅទូទាំងពិភពលោកមានទំហំ ១៥០ លានហិកតា ប្រសិនបើទំហំដីស្រែជាង៥០ភាគរយអាច ដាំស្រូវបង្កាត់នោះ មួយហិកអាចបង្កើនផល ២ តោនដែលអាចចិញ្ចឹមបានប្រជាជនពី ៤០០ ទៅ ៥០០ លាននាក់បន្ថែមទៀត។ អង្គការសហប្រជាជាតិធ្លាប់ប្រកាស ទិន្នន័យមួយចំនួនបានឱ្យដឹងថាបច្ចុប្បន្ននេះមានមនុស្សចំនួនប្រហែល ៦៩០លាននាក់បាននិងកំពុងរងភាពអត់ឃ្លាន ហើយតួលលេខនេះកំពុងបង្កើនឡើង
ឥតឈប់ឈរ។ បំណងប្រាថ្នារបស់លោក Yuan Longping គឺផ្សព្វផ្សាយស្រូវបង្កាត់នេះទៅកាន់បណ្តាប្រទេសនិងតំបន់ផ្សេងៗទៀតនៅលើពិភពលោក ដើម្បីផ្តល់សុភមង្គលដល់ប្រជាជនកាន់តែច្រើន។

ដើម្បីកោតសរសើរការរួមចំណែកយ៉ាងវិសេសវិសាលរបស់លោក Yuan Longping ចំពោះពិភពលោក ប្រទេសជាច្រើនបានចែករង្វាន់ជូនចំពោះលោក។ ឧទាហរណ៍ ដូចជា រង្វាន់ស្បៀងអាហារពិភពលោករបស់អាមេរិក រង្វាន់ Wolf របស់អ៊ីស្រាអែល រង្វាន់ Golden Sickle របស់ថៃនិងឥស្សរិយយសសមិទ្ធផលកសិកម្មកំពូល របស់បារាំងជាដើម។ លើសពីនេះទៅទៀត អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិក៏បានតែងតាំងលោកជាប្រធានទីប្រឹក្សាខាងការអភិវឌ្ឍ ស្រូវបង្កាត់លើផ្ទៃអន្តរជាតិផងដែរ។

លោក Yuan Longping ធ្លាប់ធ្វើដំណើរទស្សនកិច្ចនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវស្រូវអន្តរជាតិ ៣០លើក ដើម្បីរួមសហការធ្វើការស្រាវជ្រាវ និងធ្វើការផ្លាស់ប្តូរ បច្ចេកទេស ហើយលោកក៏ធ្លាប់ធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស អ៊ីតាលី ឥណ្ឌា វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន កម្ពុជា និងបង់ក្លាដែស ជាដើមដើម្បីណែនាំការអភិវឌ្ឍស្រូវបង្កាត់។ តាមរយៈរៀបចំវគ្គបណ្តុះបណ្តាលអន្តរជាតិស្រូវបង្កាត់ លោក Yuan Longping បានជួយប្រទេសកំពុងអភិវឌ្ឍន៍ចំនួនជាង ៨០ បណ្តុះបណ្តាលអ្នកឯកទេសផែ្នកបច្ចេកទេសស្រូវបង្កាត់ចំនួនជាង ១៤០០០នាក់ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជាបានថែ្លងក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅខេត្តហ៊ូណាននៃប្រទេសចិនកាលពីឆ្នាំ ២០១៨ ថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្តិតសភាចារ្យ Yuan Longping ដែលបានជ្រើសរើសកម្ពុជាធ្វើជាទីតាំងនៃការផ្សព្វផ្សាយ និងដាំស្រូវបង្កាត់។ «ស្រូវចាប៉ូនីណាបង្កាត់»ដែលសមស្របនឹងអាកាសធាតុត្រូពិកត្រូវបានសាកល្បងដាំដុះដោយជោគជ័យនៅប្រទេសកម្ពុជាដែលបានផលក្នុងមួយ ហិកតា ១៣៥០០គីឡូក្រាម ប្រការនេះមិនអាចឃ្លាតពីការខិតខំប្រឹងប្រែងរបស់អ្នកសិក្សាស្រាវជ្រាវកសិកម្មដូចលោក Yuan Longping ជាដើម។

កម្ពុជាជាប្រទេសនាំចេញអង្ករជាប់រហូតមក ប៉ុន្តែប្រាក់ចំណូលជាមធ្យមរបស់កសិករកម្ពុជាក្នុងការដាំស្រូវ គឺតិចហើយ។ ដូច្នេះប្រសិនបើអាចប្តូរដាំ «ស្រូវចាប៉ូនីណាបង្កាត់» នោះ មិនត្រឹមតែធ្វើឱ្យទិន្នផលកើនឡើងប៉ុណ្ណោះទេ ថែមទាំងក៏នឹងបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ។ នាពេលបច្ចុប្បន្ននេះ ស្រូវបង្កាត់បាននិងកំពុងត្រូវដាំដុះជាទូទៅនៅប្រទេសចំនួនជាង១០ ក្នុងនោះបូករួមទាំង ឥណ្ឌា បង់ក្លាដែស ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន សហរដ្ឋអាមេរិក ប្រេស៊ីលនិងម៉ាដាហ្គាស្ការជាដើម ក្នុងមួយឆ្នាំបានដាំក្នុងដីស្រែទំហំ ៨ លានហិកតា។

គិតរហូតដល់បច្ចុប្បន្ននេះ ស្រូវបង្កាត់ត្រូវធ្វើបទបង្ហាញនិងផ្សព្វផ្សាយដោយជោគជ័យនៅប្រទេសចំនួនជាង៤០សរុបមានទំហំ ១៣.៣ លានហិកតាដែលបានបង្កើនផល ជាង ២ ប៊ីលានគីឡូក្រាមដែលបានរួមចំណែកថ្មីក្នុងការដែលធ្វើឱ្យពិភពលោកបង្កើនផលស្បៀងប្រកបដោយស្ថិរភាព និងនិរន្តរភាព។ ពេញមួយជីវិត លោក Yuan Longping ដែលទទួលបានរង្វាន់ទាំងជាតិនិងអន្តរជាតិជាច្រើន ប៉ុន្តែលោកមិនដែលឈប់សម្រាកនោះទេ ទោះបីជាមានអាយុ ៩០ឆ្នាំហើយក៏ដោយលោកក៏មិនដែល បញ្ឈប់ជំហានទៅមុខនោះឡើយ។ ឧទាហរណ៍ ដូចជាលោកនៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍស្រូវបង្កាត់ដែលអាចដាំដុះក្នុងដីជិតសមុទ្រ និងវាលខ្សាច់ជាដើម។

មរណភាពរបស់លោក Yuan Longping មិនត្រឹមតែធ្វើឱ្យប្រជាជនចិនមានអារម្មណ៍ក្រៀមក្រំយ៉ាងក្រៃលែងប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យស្ថាប័នអន្តរជាតិ និងប្រព័ន្ធសារព័ត៌មានសកល ដូចជាអង្គការសហប្រជាជាតិ មូលនិធិរង្វាន់ស្បៀងអាហារពិភពលោក ទីភ្នាក់ងារសារព័ត៌មាន AP នៃអាមេរិក ទីភ្នាក់ងារសារព័ត៌មាន AFP នៃប្រទេសបារាំង ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៃអង់គ្លេសជាដើមបាននាំគ្នាចេញអត្ថបទដើម្បីសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ។

ទីភ្នាក់ងារសារព័ត៌មាន AP នៃអាមេរិកបានផ្សាយដំណឹងឱ្យដឹងថា ក្រុមការងាររបស់លោក Yuan Longping បានរួមសហការជាមួយប្រទេស និងតំបន់រាប់សិប នៅទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀងអាហារនិងបញ្ហាកង្វះខាតជីវជាតិ។ «ការសិក្សាស្រាវជ្រាវខាងស្រូវរបស់លោកបានជួយចិញ្ចឹម ប្រជាជននៅលើពិភពលោកទាំងមូល»។ តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៃប្រទេសបារាំងបានឱ្យដឹងថា លោក Yuan Longping ជាអ្នកវិទ្យាសាស្រ្តកសិកម្មដ៏ល្បីឈ្មោះដែលត្រូវបានប្រសិទ្ធនាមជា «វីរបុរសជនជាតិចិន» ដោយសារលោកបានជួយអភិវឌ្ឍស្រូវបង្កាត់និងបន្ធូរបន្ថយភាពអត់ឃ្លាន របស់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោកបានទទួលមរណភាពកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១។

ការដែលស្វែងរកសុបិនរបស់ខ្លួននិងខិតខំប្រឹងប្រែបំពេញភារកិច្ច គឺជាគោលបំណងពេញមួយជីវិតរបស់លោក Yuan Longping ! ខ្ញុំគិតថាសុបិន្តដែលលោក មិនបានសម្រេច ពិតជានឹងមានមនុស្សជំនាន់ក្រោយបន្តធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតជាមិនខាន៕