(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣,៥០០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦០៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩៧១,២០៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៦,១៧៩នាក់ និងជាសះស្បើយឡើងសរុប ២៧,៦៦២,២៦៨នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

សេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ប្រមាណជាងពាក់កណ្តាលហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬ ០២ដូស ពោលគឺប្រហែល ០៦សប្តាហ៍ មុនគោលដៅរបស់លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី០៤ ខែកក្កដា ដែលសមានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យ នៅសហរដ្ឋអាមេរិកប្រមាណ ៧០ភាគរយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៤.៣៧លាននាក់ (៥០.១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ១៣១លាននាក់ (៣៩.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕