(អាមេរិក)៖ ក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែតអាមេរិក យូណាយធីដ ឡញ់ អាឡាយអិន (United Launch Alliance ឬ ULA) ក្នុងសប្តាហ៍នេះ បានបាញ់បង្ហោះផ្កាយរណបសម្រាប់ប្រកាសអាសន្នពីមីស៉ីល ឲ្យកងទ័ពអវកាសរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន ULA បានប្រើគ្រាប់រ៉ុក្កែត Atlas V របស់ខ្លួន ដើម្បីបញ្ជូនផ្កាយរណបយោធាអាមេរិកហៅថា SBIRS Geo-5 ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះគ្រាប់រ៉ុក្កែត ស្ថិតនៅតំបន់ជ្រោយ ខាណាវើរ៉ាល (Canaveral) នៃរដ្ឋផ្លូរីដា។ ផ្កាយរណបតម្លៃ ១ពាន់លានដុល្លារនេះ ត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនឡក់ឃីដម៉ាទីន (Lockheed Martin) និងរចនាឡើងដើម្បីចាប់សញ្ញា និងតាមដានដុំផ្សែង ដែលបង្កើតឡើងដោយការបាញ់មីស៉ីល នៅជុំវិញពិភពលោក។ សមត្ថភាពរបស់វានឹងជួយឲ្យសហរដ្ឋអាមេរិក អាចត្រៀមលក្ខណៈទុកជាមុន សម្រាប់ការវាយប្រហារមីស៉ីលណាមួយ។

គួរបញ្ជាក់ថា ផ្កាយរណប SBIRS Geo-5 គឺជាផ្កាយរណបទី ៥ នៃប្រព័ន្ធផ្កាយរណប SBIRS របស់កងទ័ពអវកាសអាមេរិក ដែលនឹងមានផ្កាយរណបសរុប ០៦គ្រឿង ពោលគឺនៅខ្វះ ១គ្រឿងចុងក្រោយ។ ផ្កាយរណប SBIRS Geo-5 នឹងចូលរួមធ្វើប្រតិបត្តិការជាមួយផ្កាយរណប ប្រភេទនេះ ៤គ្រឿងផ្សេងទៀត ដែលកំពុងស្ថិតក្នុងទីអវកាសស្រាប់។ ក្នុងឆ្នាំ២០២០ ប្រព័ន្ធផ្កាយរណប SBIRS បានប្រទះឃើញ និងតាមដានការបាញ់មីស៉ីលខ្ទង់ជាង ១,០០០លើកនៅជុំវិញផែនដី៕