(វ៉ាស៊ីនតោន)៖ ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា (Gaza) បានឈានចូលដល់សប្ដាហ៍ទី២ហើយ ដោយភាគីទាំង២នៅតែបន្តផោ្លងគ្រាប់ ដាក់គ្នាទៅវិញមក បើទោះជាមានការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ពីអន្តរជាតិក៏ដោយ។

ប្រឈមមុខនឹងស្ថានការណ៍ដ៏តានតឹងនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបន្ទាន់ ៣លើករួចមកហើយក្នុងរយៈពេលមួយសប្ដាហ៍មកនេះ តែមិនអាច ចេញសេចក្ដីថ្លែងការណ៍រួមណាមួយឡើយ ហើយទោះបីជាអំពាវនាវឱ្យមានបទឈប់បាញ់ពិតមែន ក៏ប្រធានាធិបតិលោក ចូ បៃដិននៅតែឈរនៅខាងអ៉ីស្រាអែល។ គ្រប់គ្នា សុទ្ធតែដឹងថាសហរដ្ឋអាមេរិកគឺជា «មហាមិត្ត» របស់អ៉ីស្រាអែល។ អាមេរិកបានផ្ដល់ជំនួយយោធាក្នុងមួយឆ្នាំៗ រាប់ពាន់លានដុល្លារដល់អ៉ីស្រាអែល ហើយជាប្រពៃណី អាមេរិកតែងតែចេញមុខគាំទ្រប្រតិបត្តិការយោធា, នយោបាយរបស់អ៉ីស្រាអែលជាចំហ, រារាំងរាល់សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែល ចង់ថ្កោលទោស ឬរិះគន់អ៉ីស្រាអែល។ តើមកពីហេតុអ្វីទៅបានជាអាមេរិកតែងតែការពារអ៉ីស្រាអែលសឹងតែគ្រប់កាលៈទេសៈបែបនេះ?

*អ៉ីស្រាអែលសំខាន់សម្រាប់យុទ្ធសាស្ត្រអាមេរិកនៅមជ្ឈិមបូព៌ា

អតីតប្រធានាធិបតីអាមេរិក លោក ហារី ទ្រូម៉ាន់ (Harry Truman) គឺជាមេដឹកនាំពិភពលោកដំបូងគេដែលប្រកាសទទួលស្គាល់អ៉ីស្រាអែល នៅពេលត្រូវបានបង្កើតឡើងជា រដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ មុនដំបូងឡើយ សហរដ្ឋអាមេរិកគាំទ្រអ៉ីស្រាអែលសម្រាប់តែជាយុទ្ធសាស្ត្រទប់ស្កាត់ឥទ្ធិពលអតីតសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ តែប៉ុណ្ណោះ តែទំនាក់ទំនងរវាងប្រទេសទាំង២ រីកចម្រើនយ៉ាងមហាលោតផ្លោះបន្ទាប់ពីឆ្នាំ១៩៦៧។

ប្រធានាធិបតីអាមេរិក និងក្រុមអ្នកយុទ្ធសាស្ត្រនៅកាលណោះ មើលឃើញថាអ៉ីស្រាអែលជាសម្ព័ន្ធមិត្តដ៏សំខាន់អាចជួយខ្លួនប្រឆាំងនឹងឥទិ្ធពលសូវៀត ក្នុងតំបន់មជ្ឈិមបូព៌ា ដែលរីកសុះសាយខ្លាំងក្នុងចំណោមប្រទេសអ៉ារាប់មួយចំនួន ហើយចាប់ពីពេលមកអាមេរិកបានផ្ដល់ការគាំទ្រផ្នែកការទូត និងយោធាយ៉ាងពេញទំហឹងដល់អ៉ីស្រាអែល ដើម្បីប្រឆាំងនឹងប្លុកសូវៀត។ ក្រោយសង្រ្គាមត្រជាក់បិទបញ្ចប់តាមរយៈការរដួលរលំជញ្ជាំងក្រុងប៊ែរឡាំង សហរដ្ឋអាមេរិកនៅតែបន្តគាំទ្រអ៉ីស្រាអែលដោយលែងទុកត្រឹមជា ដៃគូយុទ្ធសាស្ត្រដូចមុនទៀតឡើយ តែប្ដូរមកជាសម្ព័ន្ធមិត្តមិនអាចខ្វះបានដែលជួយការពារប្រយោជន៍អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។

នេះមិនមែនមានន័យថាប្រធានាធិបតីអាមេរិកគ្រប់រូបសុទ្ធតែគាំទ្រអ៉ីស្រាអែលគ្រប់រឿងនោះទេ បើសិនជារឿងនោះមិនស្ថិតនៅក្នុងផលប្រយោជន៍យុទ្ធសាស្ត្រអាមេរិក តែក៏ មិនហ៊ានធ្វើឱ្យអ៉ីស្រាអែលអន់ចិត្តខ្លាំងនោះដែរ។ ជាឧទាហរណ៍ អតីតប្រធានាធិបតី លោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush) បានជំទាស់នឹងការវាយប្រហាររបស់ អ៉ីស្រាអែលលើអ៉ីរ៉ង់ ហើយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ធ្លាប់ខ្វែងគំនិតគ្នាជាមួយអ៉ីស្រាអែលជុំវិញការបញ្ជូននិគមន៍ជនអ៉ីស្រាអែលទៅរស់នៅលើទឹកប៉ាឡេស្ទីន ក្នុងតំបន់វែស ប៊ែង (West Bank)។

*គាំទ្រអ៉ីស្រាអែលជាគោលនយោបាយល្អនៅសហរដ្ឋអាមេរិក

ការគាំទ្រអ៉ីស្រាអែលរបស់សហរដ្ឋអាមេរិកមិនមែនគ្រាន់តែជាយុទ្ធសាស្ត្រ និងនយោបាយការបរទេសប៉ុណ្ណោះទេ ដោយចាប់តាំងពីទសវត្សរឆ្នាំ១៩៨០មក ការគាំទ្រអ៉ីស្រាអែលបានក្លាយជាគោលនយោបាយនៅក្នុងស្រុកមួយដ៏ល្អ និងជាមធ្យោបាយដែលអ្នកនយោបាយអាមេរិកទាក់ទាញសន្លឹកឆ្នោតពីប្រជាជន។ ពោលគឺនិយាយឱ្យងាយស្ដាប់ ប្រជាជនអាមេរិកមានទំនោរគាំទ្រអ៉ីស្រាអែលច្រើនជាងប៉ាឡេស្ទីន។ បើតាមការស្ទង់មតិប្រចាំឆ្នាំមួយរបស់វិទ្យាស្ថាន Gallup ប្រជាជនអាមេរិក ៥៨ភាគរយគាំទ្រអ៉ីស្រាអែល និង៧៥ភាគរយល្អៀងទៅខាងអ៉ីស្រាអែល។ ការស្ទង់មតិដដែលចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅ ក៏បានរកឃើញថាដែរថាប្រជាជនអាមេរិក ២៥ភាគរយប៉ុណ្ណោះ គាំទ្រប៉ាឡេស្ទីន ទោះជាអាត្រានេះកើនឡើង ២ភាគរយបើធៀបទៅនឹងឆ្នាំ២០២០ និងខ្ពស់ជាង៦ភាគរយ កាលពីឆ្នាំ២០១៨ក៏ដោយ។

បន្ថែមពីលើនេះជនជាតិអាមេរិកដើមកំណើតជ្វីហ្វ (អ៉ីស្រាអែល) និងជនជាតិអាមេរិកដែលជាអ្នកកាន់សាសនាគ្រឹស្ត evangelical Christians ក៏ជាកត្តាមួយដ៏សំខាន់នៃ នយោបាយគាំទ្រអ៉ីស្រាអែលផងដែរ ពីព្រោះពួកគេភាគច្រើនជាក្រុមអ្នកនយោបាយដ៏មានឥទ្ធិពលទាំងនៅក្នុងជួរគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋដែលសុទ្ធតែគាំទ្រ អ៉ីស្រាអែលលើសលប់។

*អង្គការគំាទ្រនយោបាយអ៉ីស្រាអែល

នៅក្នុងសហរដ្ឋអាមេរិក មានអង្គការមួយចំនួនដែលគាំទ្រ ក៏ដូចជាបញ្ចុះឱ្យអ្នកនយោបាយអាមេរិកគាំទ្រនយោបាយអ៉ីស្រាអែល ឬគេស្គាល់ថាក្រុម Lobby។ ក្រុម Lobby ដែលមានឥទ្ធិពលធំជាងគេគឺគណៈកម្មាធិការកិច្ចការសាធារណៈអាមេរិក- អ៉ីស្រាអែល ឬហៅកាត់ថា អាយប៉ាក់ (AIPAC) ដែលទទួលជំនួយពីក្រុមអ្នកជំនួញអាមេរិក ដើមកំណើតជ្វីហ្វ រួមទាំងក្រុមអ្នកកាន់សាសនាគ្រឹស្ដ Christian evangelical។ អង្គការ AIPAC តែងតែរៀបចំសន្និសីទប្រចាំឆ្នាំក្នុងទីក្រុងវ៉ាស៊ីនតោន ដោយមានអ្នកចូលរួម ២០,០០០នាក់ដែលក្នុងនោះភាគច្រើនជាអ្នកនយោបាយកំពូលៗរបស់សហរដ្ឋអាមេរិក។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សុទ្ធតែធ្លាប់ចូលរួមក្នុងសន្និសីទ AIPAC ខណៈនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu តែងតែចូលរួមជាប្រចាំ។ សំនួរសួរថាតើហេតុអ្វីបានជាអង្គការ AIPAC មានឥទ្ធិពលលើអ្នកនយោបាយអាមេរិក? ចម្លើយចំពោះសំនួរនោះគឺ គ្មានអ្វីក្រៅពីលុយឡើយ។ AIPAC ឬសមាជិកនៃអង្គការមួយនេះដែលជាក្រុមអ្នកជំនួញធំៗ តែងតែផ្ដល់អំណោយជាលុយដល់បេក្ខជនប្រធានាធិបតី ឬបេក្ខជននយោបាយ នៅក្នុងសហរដ្ឋអាមេរិក។ ជាឧទាហរណ៍បើតាមគេហទំព័រ OpenSecrets.org. នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ ក្រុមអ្នកគាំទ្រនយោបាយអ៉ីស្រាអែលបានបរិច្ចោគប្រាក់ ៣០.៩៥លានដុល្លារ ដោយ៦៣ភាគរយឱ្យអ្នកប្រជាធិបតេយ្យ និង៣៦ភាគរយឱ្យអ្នកសាធារណរដ្ឋ ហើយដែលចំនួន ទឹកប្រាក់នេះច្រើនជាងទ្វេដងបើធៀបទៅនឹងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា ជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្ដាហ៍មុនមក បានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីនយ៉ាងហោច ២១៩នាក់ ក្នុងនោះមាន ៦៣នាក់ជាកុមារ និងជាង១,៥០០នាក់ទៀតរងរបួស។ ចំណែកឯ អ៉ីស្រាអែលមានមនុស្ស១២នាក់បានស្លាប់ និងជាង៣០០នាក់រងរបួស៕

ប្រភព៖ Vox (ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១)