(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមកទល់នឹងបច្ចុប្បន្ន មិនទាន់ចែករំលែក ឬនាំចេញវ៉ាក់សាំងទៅកាន់ប្រទេសណាមួយឡើយ ដែលនេះធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន កំពុងដើរក្រោយចិន និងរុស្ស៊ីនៅក្នុងការចូលរួមជាមួយពិភពលោក ប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមសេចក្ដីរាយការណ៍របស់ ទូរទស្សន៍អាមេរិក CBS ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងការផ្សាយរបស់ទូរទស្សន៍អាមេរិក CBS បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំង គ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួន ខណៈបណ្ដាប្រទេសដទៃនៅតែប្រឈមមុខកង្វះខាតវ៉ាក់សាំង ដែលជំរុញឱ្យពួកគេបោះដៃទៅរកចិន និងរុស្ស៊ីដើម្បីទទួលបានវ៉ាក់សាំង COVID-19 សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន។

គួរបញ្ជាក់ថា បើតាម CBS សហរដ្ឋអាមេរិកដែលមានប្រជាជនស្មើនឹង ៤ភាគរយនៃប្រជាជនពិភពលោក បានស្ដុកទុកវ៉ាក់សាំងដល់ទៅជាង ២.៦ពាន់លានដូស ដែលស្មើនឹង ១ភាគ៣ នៃវ៉ាក់សាំងសរុបរបស់ពិភពលោក។ តែយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទបានប្រកាសថា ប្រទេសរបស់លោកនឹងចែករំលែកវ៉ាក់សាំង COVID-19 ចំនួន ២០លានដូសទៅកាន់បណ្ដាប្រទេសដទៃ បូកបន្ថែមពីលើវ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ដែលអាមេរិកសន្យាចែករំលែក នៅត្រឹមខែកក្កដាខាងមុខនេះ៕