(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៅក្នុងប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៣៩៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន ២៩នាក់ទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។

CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣,៣៧៧ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៨៧៦ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក, ១៥៣ករណីនៅខេត្តសាមុត ប្រាកាណ, ១៣០ករណីនៅខេត្តណុនថាបុរី, និង ១១៩ករណីនៅខេត្តផាធមថានី ខណៈករណីដែលនៅសេសសល់ ត្រូវបានរកឃើញនៅតាមបណ្ដាខេត្តផ្សេងៗទៀត។ ចំណែកឯ ២៩ករណីផ្សេងទៀត ជាករណីនាំចូលពីបរទេស។

CCSA បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ថ្មីៗខាងលើ មាន ១៤នាក់នៅទីក្រុងបាងកក, ០៥នាក់នៅខេត្តសាមុត ប្រាកាន, ០២នាក់នៅខេត្តផាធម ថានី, ម្នាក់នៅខេត្ត Chachoengsao, ម្នាក់នៅខេត្ត Lamphun, ម្នាក់នៅខេត្ត Chonburi, ម្នាក់នៅខេត្ត Saraburi, ម្នាក់នៅខេត្ត Nakhon Pathom, ម្នាក់នៅខេត្ត Kamphaeng Phet, ម្នាក់នៅខេត្ត Nong Khai និងម្នាក់ទៀតនៅខេត្ត Nonthaburi។ ពួកគេមានអាយុចន្លោះពី ៤២-៩២ឆ្នាំ ហើយពួកគេត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ជាដើម។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១១៦,៩៤៩ករណី ក្នុងនោះមានអ្នកស្លាប់ ៦៧៨នាក់ និងអ្នកជាសះស្បើយ ៧៤,៣៦៨នាក់។ ដោយឡែក ប្រជាជនថៃសរុបចំនួន ៦៤,៧៣៩នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈ៣៩,៩១១នាក់ទៀត បានទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុប ដែលត្រូវបានចាក់នៅទូទាំងប្រទេសថៃ កើនឡើងដល់ ២,៤៤៥,៦៤៥ដូស៕