(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តហើយនូវច្បាប់ប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការរើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ហើយកំពុងបញ្ជូនច្បាប់នេះឱ្យលោកប្រធានាធិបតី ចូ បៃដិន ចុះហត្ថលេខាដើម្បីឱ្យវាក្លាយជាច្បាប់ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

សេចក្ដីព្រាងច្បាប់ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីពេលថ្មីៗនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រក្នុងសំឡេងគាំទ្រភាគច្រើនលើសលប់ ៣៦៤ ទល់នឹង ៦២សំឡេងជំទាស់។ ច្បាប់ថ្មីនេះនឹងតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិកផ្ដោតលើការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើម កំណើតអាស៊ី និងពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា អំពើហិង្សាលើពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ីបានកើនឡើងយ៉ាងខ្លាំង អំឡុងការឆ្លងរាតត្បាត COVID-19 ជាពិសេសក្រោយមានករណីបាញ់ប្រហារ សម្លាប់ស្ត្រីជាជនជាតិអាស៊ី ៦នាក់ ក្នុងរដ្ឋ Georgia កាលពីខែមីនាកន្លងទៅ។ បើតាមអង្គការសង្គមស៊ីវិល Stop AAPI Hate អំពើហិង្សាប្រឆាំងជនជាតិអាស៊ីនៅទូទាំង សហរដ្ឋអាមេរិកបានកើតឡើងចំនួន ៣,៧៩៥ករណី រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១៕