(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បាននិយាយថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលកំពុងលុកលុយប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Anthony Fauci បានគូសបញ្ជាក់ដូច្នេះថា «វាពិតជាមានហេតុផលសមស្របដែលអាចជឿជាក់បានថា បុគ្គលដែលបានចាក់វ៉ាក់សាំងនឹងត្រូវបានការពារ ប្រឆំាំងនឹងវីរុសបំប្លែងថ្មី B.1.617 និង B.1.618»។ វីរុស COVID-19 បំប្លែងថ្មី B.1.617 ត្រូវបានអ្នកជំនាញសន្និដ្ឋានថា ជាមូលហេតុនៅពីក្រោយករណីឆ្លង និងស្លាប់យ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា និងត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើន នៅជុំវិញពិភពលោក។

បើតាមលោក Anthony Fauci នៅក្នុងការសិក្សាស្រាវជ្រាវបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech និង Moderna មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ ហើយនេះជាហេតុផលមួយ ដែលមនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងបង្ការ៕