(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះបានរាយការណ៍ពី ការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៤៥ករណីបន្ថែមទៀត ដែលជាថ្ងៃទី០៤ជាប់ៗគ្នាមកហើយ ដែលកោះមួយនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងប្រចាំថ្ងៃរបស់ខ្លួនច្រើនជាង ១០០ករណី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកោះតៃវ៉ាន់បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២៤០ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ១២៨ករណីគឺជាស្រ្តី និង ១១២ករណីទៀត គឺជាបុរស ដែលពួកគេមានអាយុចន្លោះពី ៥ឆ្នាំរហូតដល់ ៩០ឆ្នាំ។ ចំណែក ០៥ករណីផ្សេងទៀត គឺជាករណីនាំចូលពីបរទេស។

ប្រភពដដែលនេះបានគូសបញ្ជាក់បន្ថែមថា ក្រៅពីករណីឆ្លងថ្មីៗខាងលើ កោះតៃវ៉ាន់ ក៏បានរាយការណ៍ពីការរកឃើញករណីស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ០២ករណីផងដែរ មានម្នាក់ជាស្រី្តអាយុ ៦០ឆ្នាំ និងមា្នក់ទៀតជាបុរសអាយុ ៨០ឆ្នាំ។ អ្នកទាំងពីរបានធ្វើតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 កាលពី ០២ថ្ងៃមុន។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កោះតៃវ៉ាន់ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២,២៦០ករណី ក្នុងនោះមានអ្នកស្លាប់ ១៤នាក់ និងអ្នកជាសះស្បើយ ១,១២៧នាក់៕