(សាន់ត្យាហ្គោ)៖ ក្រសួងសុខាភិបាលឈីលី នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ការសិក្សាស្រាវជ្រាវថ្មីមួយទៀត បានបង្ហាញថា វ៉ាក់សាំង CoronaVac ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac គឺមានប្រសិទ្ធិភាព ៦៥.៣ភាគរយ ក្នុងការប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត Rafael Araos ទីប្រឹក្សានៃរដ្ឋលេខាធិការសុខាភិបាលឈីលី បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «ជាមួយនឹងការតាមដានអស់រយៈពេលយ៉ាងហោចណាស់ ០៤ខែ យើងទទួលបានទិន្នន័យជាក់លាក់ដែលអាចទុកចិត្តបាន» ដោយបន្ថែមថា ទិន្នន័យដែលទទួលបានក្នុងរយៈពេលនេះ គឺមិនមានការប្រែប្រួលឡើយ។ លោក Araos បានបន្ថែមថា បើទោះបីជាវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី មានការឆ្លងរីករាលដាលយ៉ាងណាក្តី ក៏វ៉ាក់សាំង Sinovac នៅមានប្រសិទ្ធិភាពគ្រប់គ្រាន់ ក្នុងការការពារពីពួកវាដដែល។

គួរបញ្ជាក់ថា ការសិក្សាថ្មីខាងលើ ជាការធ្វើបច្ចុប្បន្នភាពពីការសិក្សានាពេលកន្លងទៅ ដែលមានចំណងជើងថា «ប្រសិទ្ធភាពវ៉ាក់សាំង CoronaVac (Sinovac) ក្នុងការប្រឆាំងនឹងវីរុស SARS-CoV-2 (COVID-19) នៅប្រទេសឈីលី» ដែលលោក Araos បានធ្វើបទបង្ហាញ នៅថ្ងៃទី១៦ ខែមេសា ហើយវាបន្ថែមទិន្នន័យនៃការតាមដានលើមនុស្សជាង ១០.២លាននាក់ទៀត គិតដល់ថ្ងៃទី០១ ខែឧសភា។

បើតាមលោក Araos ប្រសិទ្ធិភាពរបស់វ៉ាក់សាំង Sinovac បានកើនឡើងដល់៨៧ភាគរយ ក្នុងការការពារអ្នកជំងឺធ្លាក់ខ្លួនឈឺ រហូតដល់ត្រូវចូលមន្ទីរពេទ្យ និង៩០.៣ភាគរយ ក្នុងការការពារអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយ៨៦ភាគរយ ក្នុងការការពារអ្នកជំងឺមិនឲ្យឈានដល់ការស្លាប់៕