(ប៉េកាំង)៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន ក្លូវើ (Clover Biopharmaceuticals) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនកំពុងអភិវឌ្ឍ បង្ហាញសមត្ថភាពឆ្លើយតបរឹងមាំ ក្នុងការប្រឆាំងការពារនឹងវីរុសប្រភេទដើមដំបូង ព្រមទាំងវីរុសដែលបំប្លែងថ្មីៗ នៅក្នុងការធ្វើតេស្តទៅលើសត្វកណ្តុរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Clover វ៉ាក់សាំងនោះ បានបង្ហាញពីសមត្ថភាពខ្ពស់ ប្រឆាំងនឹងវីរុសបំប្លែងថ្មីៗមួយចំនួននៃ COVID-19 ដូចជាប្រភេទដែលរកឃើញដំបូង នៅអាហ្រ្វិកខាងត្បូង ប្រេស៉ីល និងចក្រភពអង់គ្លេសជាដើម នៅក្នុងខ្លួនសត្វកណ្តុរ។ ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិនមួយនេះ បាននិងកំពុងធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផ្ទុកនូវសារធាតុហៅថា អ៊ែដជូវែនត៍ (Adjuvant) ដែលជាទូទៅត្រូវបានបង្កើតឡើង ដើម្បីជំរុញប្រសិទ្ធភាពវ៉ាក់សាំង និងជារបស់ក្រុមហ៊ុនអាមេរិក ដាយណាវ៉ាកស៍ (Dynavax Technologies Corp)។

គួរបញ្ជាក់ថា ក្រុមហ៊ុន Clover Biopharmaceuticals មានគោលដៅឈានទៅរក ការតេស្តវ៉ាក់សាំងលើមនុស្សក្នុងឆមាសទី ២ នៃឆ្នាំនេះ ដោយផ្អែកលើទិន្នន័យបានមកពីការធ្វើតេស្តលើសត្វ។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Clover បានរៃអង្គាសថវិកាបានប្រមាណ ២៣០លានដុល្លារពីក្រុមអ្នកវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍរបស់ខ្លួនខាងលើនេះ៕