(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីននឹងផ្ដើមបំពេញដំណើរទស្សនកិច្ច ក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២១ ខែឧសភានេះជាទីដែលលោកនឹង ត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ លោក មូននឹងក្លាយជាមេដឹកនាំបរទេសទី២ដែលបានជួបជាមួយលោក បៃដិន មួយទល់នឹងមួយបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide កាលពីខែមេសាកន្លងទៅ។

ការសម្រេចចិត្តជួបជាមួយមេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តទាំងពីរនេះមុនគេ បានបង្ហាញយ៉ាងច្បាស់ថាលោក បៃដិន ត្រូវការកូរ៉េខាងត្បូង និងជប៉ុនជាចាំបាច់ នៅក្នុងយុទ្ធសាស្ត្ររក្សាឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន។ ក៏ប៉ុន្តែ ផ្ទុយជប៉ុន កូរ៉េខាងត្បូង នៅតែរក្សាជំហរនៅកណ្ដាលរវាងជម្លោះអាមេរិក និងចិន។ ជំនួបរវាងលោក បៃដិន និងលោក មូន ត្រូវបានគេរំពឹងថានឹងផ្ដោតជាសំខាន់លើសំណុំរឿង កិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅកាត់ «Quad», កូរ៉េខាងជើង និង COVID-19។

*Quad

លោក ចូ បៃដិន តែងតែរំពឹងថាអាចនឹងបញ្ចុះបញ្ចូលឱ្យកូរ៉េខាងត្បូងចូលរួមជាអចិន្ត្រៃយ៍ក្នុងកិច្ចសន្ទនាចតុភាគី ឬហៅកាត់ «Quad» ដែលរួមមានសមាជិកដូចជា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្នុងឆ្នាំ២០២១នេះ បណ្ដាប្រទេសជាសមាជិក «Quad» បានបង្ហាញពីចក្ខុវិស័យរួម លើសេរីភាព និងការបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសេរីភាពនាវាចរនៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។

សហរដ្ឋអាមេរិកធ្លាប់បានរៀបចំជាច្រើនលើកមកហើយដែរនូវកិច្ចសន្ទនា «Quad Plus» ដែលរួមមានបញ្ចូលទាំងកូរ៉េខាងត្បូង, វៀតណាម និងនូវវែលសេឡង់ តែកិច្ចប្រជុំទាំងនេះពិភាក្សាជាសំខាន់តែទៅលើវិបត្តិ COVID-19 ប៉ុណ្ណោះ។ នេះក៏ដោយសារតែប្រទេសទាំងនេះជាពិសេសកូរ៉េខាងត្បូងនៅតែបារម្ភខ្លាចថា ការចូលរួមជាមួយ Quad អាចនឹងអូសឱ្យពួកគេត្រូវប្រឈមមុខដោយផ្ទាល់ជាមួយទីក្រុងប៉េកាំង ដែលនាំឱ្យខូចប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេជាមួយនឹងចិន។

កាលពីឆ្នាំ២០១៦ នៅពេលដែលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ សម្រេចចិត្តដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក THAAD នៅលើទឹកដី កូរ៉េខាងត្បូង វាបានធ្វើឱ្យចិនក្ដៅក្រហាយយ៉ាងខ្លាំងរហូតដល់សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនក្នុងនោះរួមមានទាំងការដាក់កំហិតលើភ្ញៀវទេសចរចិន ទៅកម្សាន្តនៅកូរ៉េខាងត្បូងជាដើម។

*កូរ៉េខាងជើង

ក្រោយស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងរដ្ឋបាលរបស់លោកបានប្រកាសពីជាចំហរពីការប្រជែងជាមួយចិនជាអាទិភាពដែល នេះមានន័យថាលោក បៃដិនផ្ដោតតែទៅលើចិនជាងកូរ៉េខាងជើង។ នៅក្នុងការពិនិត្យឡើងវិញនូវគោលនយោបាយចំពោះកូរ៉េខាងជើង កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ សេតវិមានបាននិយាយថាអំណេះតទៅគោលនយោបាយអាមេរិកចំពោះកូរ៉េខាងជើងនឹងមិនផ្ដោតជាសំខាន់លើលទ្ធផលតាមរយៈការចរចា ឬក៏ពឹងផ្អែក លើយុទ្ធសាស្ត្រអត់ធ្មត់ទៀតនោះទេ ដោយរដ្ឋបាលលោក បៃដិននឹងអនុតាមយុទ្ធសាស្ត្រជាក់ស្ដែងទាំងតាមការទូត និងការដាក់សម្ពាធ។

នៅក្រោមអាណត្តិជាប្រធានាធិបតី ៤ឆ្នាំមកនេះ លោក មូន ចេអ៉ីន មាននយោបាយទន់ភ្លន់ជាមួយកូរ៉េខាងជើងដោយលោកដាក់អាទិភាពលើការផ្សះផ្សាជាតិជាមួយ ទីក្រុងព្យុងយ៉ាង។ លោក មូន បានហាមឃាត់ ឬដាក់ទោសទណ្ឌដល់ក្រុមសកម្មជនដែលបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ព្រមទាំងអនុម័តច្បាប់ មួយចំនួនដែលនៅក្នុងកែវអាមេរិកយល់ថាវាជាការផ្ដល់សម្បទានហួសហេតុដល់កូរ៉េខាងជើង។ លោក មូន តែងតែជំរុញឱ្យសហរដ្ឋអាមេរិកផ្ដល់សម្បទានមួយចំនួន និងមានភាពបត់បែនសំដៅស្ដារកិច្ចចរចាជាមួយកូរ៉េខាងជើងឡើងវិញ។

ក៏ប៉ុន្តែលោក បៃដិនហាក់ដូចជាមិនពេញចិត្តចំពោះគោលនយោបាយរបស់លោក មូន ឡើយទាំងគោលនយោបាយក្នុងស្រុក និងបរទេស។ ការមិនពេញចិត្តទាំងនេះ បានស្ដែងឡើងឱ្យឃើញតាមរយៈការឆ្លើយតបរបស់រដ្ឋបាលលោក បៃដិន ចំពោះការលើកឡើងរបស់កូរ៉េខាងត្បូងដែលថាវ៉ាក់សាំង COVID-19 ដែលអាមេរិកស្ដុក ទុកមិនប្រើ គួរតែផ្ដល់មកឱ្យកូរ៉េខាងត្បូង។

* COVID-19

លោក មូន ចែអ៉ីន និងលោក ចូ បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងពិភាក្សាគ្នាពីវ៉ាក់សាំង COVID-19 ខណៈរដ្ឋាភិបាលលោក មូន កំពុងរងការរិះគន់ជុំវិញភាពយឺត យ៉ាវនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងស្រុក។ ទីក្រុងសេអ៊ូលកាលពីពេលថ្មីៗនេះបាននិយាយថាវ៉ាក់សាំង COVID-19 ដែលអាមេរិកស្ដុកទុកមិនប្រើគួរតែផ្ដល់មក ឱ្យកូរ៉េខាងត្បូង។

តែជាការឆ្លើយតប អ្នកនាំាពាក្យសេតវិមានលោកស្រី ជែន សាគី (Jen Psaki) បានសង្កត់ធ្ងន់ថាវ៉ាក់សាំងដែលអាមេរិកស្ដុកទុកនឹងត្រូវផ្ដល់ជូនជាអាទិភាពដល់បណ្ដា ប្រទេសដែលជាសមាជិក Quad តែប៉ុណ្ណោះ ដោយមិនបានលើកឡើងពីសំណើរបស់កូរ៉េខាងត្បូងនោះទេ។ អ្នកជំនាញមួយចំនួនពន្យល់ថានេះគឺដោយសារតែ អាមេរិកចង់កំណត់ពីវិសាលភាពក្នុងការផ្ដល់ជំនួយវ៉ាក់សាំងដល់កូរ៉េខាងត្បូង គឺអាស្រ័យទៅលើជំហររបស់ទីក្រុងសេអ៊ូលចំពោះ Quad។

*តើគេអាចរំពឹងអ្វីខ្លះពីជំនួបកំពូលរវាងលោក មូន និងលោក បៃដិន?

លោក មូន ចែអ៉ីន និងលោក ចូ បៃដិនត្រូវបានគេមើលឃើញមានការខ្វែងគំនិតយ៉ាងជ្រៅលើបញ្ហាជាច្រើនដែលបានរៀបរាប់ខាងលើ ហើយលោក មូនផ្ទាល់ក៏ ប្រហែលជាមិនអាចបញ្ចុះបញ្ចូលឱ្យលោក បៃដិនដើរតាមនយោបាយលោក ត្រាំ ចំពោះកូរ៉េខាងជើងនោះដែរ។ លោក បៃដិនទំនងជាអាចនឹងផ្ដល់ការសន្យា មួយចំនួនជុំវិញការដោះស្រាយបញ្ហាកូរ៉េខាងជើង ជាថ្នូរឱ្យលោក មូនបង្កើនកិច្ចសហប្រតិបត្តិការ ឬធ្វើការងារកាន់តែជិតស្និទជាមួយ Quad។ ក៏ប៉ុន្តែសម្រាប់ លោក មូនវិញ នៅពេលនិយាយដល់ជម្លោះរវាងអាមេរិក និងចិន លោកប្រហែលជានឹងនៅតែប្រកាន់ជំហរដដែលដោយជំរុញឱ្យប្រទេសទាំង២ បន្ធូរបន្ថយភាពតានតឹងគ្នា ដោយប្រាប់លោក បៃដិនថាកូរ៉េខាងជើងអាចនឹងឆ្លៀតឱកាសទាញយកប្រយោជន៍ពីស្ថានការណ៍បែបនេះធ្វើឱ្យខូចប្រយោជន៍របស់អាមេរិក និងកូរ៉េខាងត្បូង។

នយោបាយរបស់លោក បៃដិនគឺផ្ដោតលើចិនជាងកូរ៉េខាងជើង ដូច្នេះលោក មូននឹងមិនរំពឹងច្រើនឡើយថានឹងទទួលបានសម្បទានធំដុំពីសហរដ្ឋអាមេរិកជុំវិញ បញ្ហាកូរ៉េខាងជើង។ ដ្បិតកាន់តែសំខាន់បញ្ហាចោទគឺនៅលើលោក មូនផ្ទាល់តែម្ដង ដោយនៅសល់តែជាងមួយឆ្នាំទៀតប៉ុណ្ណោះលោកនឹងត្រូវបញ្ចប់អាណត្តិជា ប្រធានាធិបតី ឬអាចនិយាយថាលោក បៃដិន អាចនឹងរង់ចាំធ្វើការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងថ្មីឡើងកាន់អំណាចជំនួសលោក មូន ក៏ថាបាន៕

ប្រភព៖ Diplomat (ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១)