(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ហើយទន្ទឹមគ្នា ក៏មានករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា និងជាថ្ងៃទី២ ដែលតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ យ៉ាងដូច្នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.២លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧៨,៧១៩នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺ ៣.៣៥លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌា នៅតែមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៤លានដូស ក្នុងនោះជាង ៤០លាននាក់ ចាក់បានគ្រប់ដូស។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មបំផុតផងដែរ ដោយប្រជាជនឥណ្ឌាសរុបជាង ៣១៨លាននាក់ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕