(ញូដេលី)៖ ព្យុះស៉ីក្លូនកំណាចមួយបាននិងកំពុងវាយប្រហារ សង្រ្គប់លើតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលបណ្តាលឲ្យមនុស្ស ២០នាក់ បាត់បង់ជីវិត ហើយមិនតែប៉ុណ្ណោះវាបង្កភាពរាំងស្ទះដល់ យុទ្ធនាការចាក់វ៉ាក់សាំង ដែលឥណ្ឌាកំពុងត្រូវការអនុវត្តជាបន្ទាន់ ដើម្បីទប់ទល់នឹងស្ថានការណ៍ឆ្លងរាតត្បាត ដ៏អាក្រក់នៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

ព្យុះស៉ីក្លូនខាងលើមានឈ្មោះថា តកតែ (Tauktae) ដែលបានបោកបក់មកដល់រដ្ឋ ហ្គូចារ៉ាត (Gujarat) ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយល្បឿន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ វាបានថយចុះឥទ្ធិពលបន្តិចទៅវិញ។ ទោះបែបនេះក៏ដោយ វាបានបង្កឲ្យផ្លូវថ្នល់ជន់លិច, រលំដើមឈើ-បង្គោលអគ្គិសនី, ប្រជាជនឥណ្ឌារាប់សែននាក់ត្រូវភៀសខ្លួន ហើយមនុស្សយ៉ាងហោច ២០នាក់ ក៏បានស្លាប់ផងដែរនៅរដ្ឋ កឺរ៉ាឡា (Kerala), ហ្គ័រ (Goa), មហារ៉ាស្ត្រា (Maharashtra) និង ហ្គូចារ៉ាត (Gujarat)។

គួរបញ្ជាក់ថា ក្រៅពីការបង្កមហន្តរាយខាងលើនេះ យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅតាមតំបន់ដែលរងការប៉ះពាល់ខ្លាំង ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយអ្នកជំងឺ COVID-19 ប្រហែល ៦០០នាក់ ត្រូវបានជម្លៀសចេញពីតាមមន្ទីរពេទ្យ ខណៈអាជ្ញាធរឥណ្ឌាកំពុងព្យាយាម រក្សាវិធានការបង្ការផ្សេងៗ ដូចជាការពាក់ម៉ាស, គម្លាតសុវត្ថិភាព និងការធ្វើអនាម័យ នៅតាមមជ្ឈមណ្ឌលជ្រកកោន សម្រាប់អ្នកភៀសខ្លួនពីព្យុះស៉ីក្លូនកំណាច៕