(វូហាន)៖ មនុស្ស ០៦នាក់បានស្លាប់ និង ២១៨នាក់ទៀតរងរបួស បន្ទាប់ពីព្យុះកំណាច ថូណាដូ (tornado) មួយបានវាយប្រហារលើទីក្រុងវូហាន នៃខេត្តហ៊ូប៉ី (Hubei) កាលពីយប់ថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

ព្យុះ tornado ខាងលើត្រូវបានគេរាយការណ៍ថា បានវាយប្រហារក្នុងល្បឿនខ្យល់ជិត ២៤ម៉ែត្រក្នុងមួយវិនាទី ហើយវាបានវាយប្រហារលើសង្កាត់ ខៃទាន (Caidian) នៃទីក្រុងវូហាន កាលពីវេលាម៉ោង ៨៖៣៩នាទីយប់ថ្ងៃសុក្រ ដោយបានបង្កឱ្យការដ្ឋានសំណង់មួយចំនួនរងការខូច និងដើមឈើជាច្រើនដួលរលំ។

បើតាមការត្រួតពិនិត្យបឋម ដោយអាជ្ញាធរក្នុងតំបន់នៅព្រឹកថ្ងៃសៅរ៍នេះ ផ្ទះ ២៧ខ្នងបានរដួលរលំ និង ១៣០ខ្នងរងការខូចខាត។ ចំណែកឯដងស្ទូច ចំនួន ០២គ្រឿង និងការដ្ឋានសាងសង់មានផ្ទៃ ៨,០០០ម៉ែត្រក្រឡា ក៏បានរងការបំផ្លិចបំផ្លាញយ៉ាងដំណំដោយសារព្យុះនេះដែរ។ Tornoda គឺជាឈ្មោះសម្គាល់ទៅដល់ខ្យល់ព្យុះមួយប្រភេទ ដែលតែងតែបង្កឲ្យមានខ្យល់កួចយ៉ាងខ្លាំង និងអាចបំផ្លាញអ្វីៗគ្រប់យ៉ាង ដែលនៅចំពោះមុខព្រួញរបស់វា៕