(ហ្គាហ្សា)៖ យោធាអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា (Gaza) នៅថ្ងៃសៅរ៍នេះនៅតែបន្តការវាយប្រយុទ្ធគ្នា បើទោះជាមានការអំពាវនាវឱ្យ បទឈប់បាញ់ជាបន្ទាន់ពីអង្គការសហប្រជាជាតិក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃសៅរ៍នេះ ជនជាតិប៉ាឡេស្ទីនកើនដល់ ១៣៧នាក់ ក្នុងនោះមានកុមារ ៣៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ យោធាអ៉ីស្រាអែល និង ៩២០នាក់ផ្សេងទៀតរងបួស គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មក។ ចំណែកឯ ខាងភាគីអ៉ីស្រាអែលមានមនុស្ស ៩នាក់បានស្លាប់ ដោយសារការវាយប្រហារគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ស្របពេលភាគីជម្លោះទាំង២ កាន់តែបង្កើនការវាយប្រហារដាក់គ្នាទៅវិញមក ហើយ ជម្លោះក៏បានរាលដាលដល់តំបន់ West Bank ផងដែរជាទីដែលជនជាតិប៉ាឡេស្ទីន១១នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តសុខអ៉ីស្រាអែល។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាជនជាតិប៉ាឡេស្ទីនជាតិ ១០,០០០នាក់បានរត់ចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីគេចចេញពីការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា៕