(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទទួលស្គាល់ថាសកម្មភាពមួយចំនួនរបស់សហរដ្ឋអាមេរិកនារយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ពិតជាបានបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើនាឱកាសថ្លែងសុន្ទរកថាមួយកំឡុងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីប្រព័ន្ធ ពហុភាគីនិយមកាលពីថ្ងៃសុក្រ ទី០៧ ខែឧសភានេះ។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំដឹងថាសកម្មភាពមួយចំនួនរបស់យើងក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះបានបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក និងជំរុញអ្នកដទៃបន្តចោទសួរថាតើយើងនៅតែបន្តធ្វើសកម្មភាពទាំងនោះទៀតទេ»

គួរបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើនដែល ទង្វើបែបនេះត្រូវបានសម្ព័ន្ធមិត្តអាមេរិកខ្លួនឯងចាត់ទុកថាបំផ្លាញដល់ប្រព័ន្ធពហុភាគីនិយម។ ប៉ុន្តែ ក្រោយឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានប្រកាសនាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនឡើងវិញ ក្នុងនោះមានដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួល អាកាសធាតុជាដើម៕