(យ៉ាងហ្គន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសចាត់ទុកថារដ្ឋាភិបាលសម្រោលដែលបង្កើតឡើងដោយអតីតសមាជិកសភាមួយក្រុម នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោង សាន ស៊ូជី ជា «ក្រុមភេរវករ» ខណៈយោធាកាន់តែពង្រឹងការគ្រប់គ្រង ប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងកម្មវិធីផ្សាយព័ត៌មានពេលល្ងាច កាលពីថ្ងៃសៅរ៍ម្សិលមិញ ទូរទស្សន៍រដ្ឋដែលជាកម្មសិទ្ធិរបស់យោធាមីយ៉ាន់ម៉ាបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ « យើងសុំឱ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់...កុំគាំទ្រសកម្មភាពភេរវកម្ម ឬផ្ដល់ជំនួយដល់ក្រុមភេរវករដែលកំពុងគំរាមកំហែងដល់សនិ្តសុខប្រជាជន»

គួរបញ្ជាក់ថា ចាប់តាំងពីមានព្រឹត្តិការណ៍ដែលអន្តរជាតិហៅថាជារដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក បាតុកម្មតវ៉ានៅតែបន្តធ្វើឡើងមកទល់នឹងបច្ចុប្បន្ន ហើយជនស៊ីវិលច្រើនជាង ៧៧០នាក់ហើយបានស្លាប់។ ព្រមជាមួយគ្នា អតីតសមាជិកសភាមួយក្រុមមកពីគណបក្សលោកស្រី ស៊ូជីបានបង្កើតរដ្ឋាភិបាលស្រមោលមួយដោយដាក់ឈ្មោះថា «រដ្ឋាភិបាលរួបរួមជាតិ (NUG) » ដើម្បីគាំទ្រក្រុមបាតុករ និងប្រមូលកម្លាំងប្រឆាំងយោធាមីយ៉ាន់ម៉ា៕