(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៥,៧៥៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៤៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៤៥៤,៥៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៩៥,៥៨៨នាក់ និងជាសះស្បើយឡើងសរុប ២៦,៤០៥,៨៧១នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បើតាមអ្នកជំនាញអាមេរិក ពេលនេះអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក កំពុងតែបន្តធ្លាក់ចុះ ហើយនៅអំឡុងរដូវក្តៅខាងមុននេះ ត្រូវបានគេរំពឹងទុកថា សហរដ្ឋអាមេរិកនឹងអាចមើលឃើញអត្រាធ្លាក់ចុះបន្ថែមទៀត ខណៈអត្រានៃអ្នកដែលបានចាក់វ៉ាក់សាំង ក៏នឹងកើនឡើងខ្ពស់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៥៤.៧៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥០.៤១លាននាក់ (ជិត ៤៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១១០.៨លាននាក់ (៣៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕