(ហាណូយ)៖ នៅយប់ថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៩៣នាក់ ក្នុងនោះ៨០នាក់ ជាករណីឆ្លងក្នុងសហគមន៍ និង១៣នាក់ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗក្នុងសហគមន៍ គឺត្រូវបានរកឃើញច្រើនជាងគេ នៅខេត្តបាក់នីញ ភាគខាងជើងប្រទេស ដែលមាន៣១ករណី ហើយកន្លែងដែលមានករណីឆ្លងថ្មីៗច្រើនបន្ទាប់ទៀត មានដូចជារដ្ឋធានីហាណូយ ដែលរកឃើញ២៣ករណី, ទីក្រុងដាណាង នៅភាគកណ្តាលដែលរកឃើញ០៨ករណី និងខេត្តវិញហ្វុក នៅភាគខាងជើង ដែលរកឃើញ០៧ករណី។

គួរបញ្ជាក់ថា គិតចាប់តាំងតែពីការឆ្លងរាតត្បាត COVID-19 រលកថ្មី បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ នៅក្នុងប្រទេសខ្លួន វៀតណាមបានរកឃើញ ករណីឆ្លងថ្មីៗក្នុងសហគមន៍សរុប២៤១នាក់ មកទល់ពេលនេះ។ ដោយឡែក បើរាប់ករណីសរុបនៅទូទាំងប្រទេសវិញនោះ វៀតណាមមានករណីឆ្លងទាំងអស់ ៣,២៣០នាក់ ក្នុងនោះ១,៨១១នាក់ ជាករណីឆ្លងក្នុងសហគមន៍ ហើយមានករណីស្លាប់៣៥នាក់ និងជាសះស្បើយ២,៦០២នាក់៕