(ប៉េកាំង)៖ គិតត្រឹមថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ប្រទេសចិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៣០៨លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យចេញពី គណៈកម្មការសុខាភិបាលជាចិន (NHC)។

ការចាក់វ៉ាក់សាំងរបស់ចិនត្រូវបានជំរុញឲ្យកាន់តែសកម្មឡើង ដើម្បីកសាងរនាំងនៃភាពសុំាដ៏រឹងមាំសម្រាប់សហគមន៍ ខណៈគិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនករណីឆ្លង COVID-19 ទូទាំងពិភពលោក បានលោតដល់ជាង ១៥៧លាននាក់ ក្នុងនោះអ្នកជំងឺ ៣.២៨លាននាក់ បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី ៩៦ នៅលើពិភពលោកជាមួយនឹងករណីឆ្លង COVID-19 សរុប ៩០,៧៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៥,៨១០នាក់។ ដោយសារការរឹតបន្តឹងខ្លាំង នៅតាមច្រកចេញ-ចូលទូទាំងប្រទេស ចិនបានគ្រប់គ្រងការរាតត្បាត COVID-19 យ៉ាងណាល្អប្រសើរ ហើយមួយរយៈចុងក្រោយនេះ មានតែការរកឃើញករណីនាំចូល COVID-19 ប៉ុណ្ណោះ ខណៈករណីឆ្លងសហគមន៍ គឺស្ទើរតែមិនដែលកើតមានទៀតឡើយ៕