(បាងកក)៖ រដ្ឋបាលទីក្រុងបាងកក (BMA) នៅថ្ងៃសុក្រម្សិលមិញនេះ បានពន្យាពេលវិធានការបិទខ្ទប់ (lockdown) រហូតដល់ថ្ងៃទី១៧ ខែឧសភាលើអាជីវកម្ម និងកន្លែងសាធារណៈមួយចំនួន ដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

ការពន្យារពេលវិធានការនេះ គឺធ្វើតាមអនុសាសន៍របស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃទីក្រុងបាងកក។ កន្លងទៅ ទីក្រុងបាងកកបានដាក់ចេញនូវវិធានការបិទខ្ទប់ចាប់ពីថ្ងៃទី២៦ ខែមេសារ ហូតដល់ថ្ងៃទី០៩ ខែឧសភា ឬរហូតដល់ស្ថានភាព បានប្រសើរឡើងវិញ។ BMA បានគូសបញ្ជាក់ថា «នៅពេលដែលចំនួនអ្នកឆ្លងថ្មីៗ កំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុង គណៈកម្មការបានសម្រេចពន្យារពេល វិធានការបិទខ្ទប់រហូតដល់ថ្ងៃទី១៧ ខែឧសភា»

បើតាមបទបញ្ជាខាងលើ ទីតាំងដែលត្រូវតែរក្សាការបិទខ្ទប់ដដែល មានដូចជារោងកុន សួនទឹក សួនកម្សាន្ត សួនសត្វ កន្លែងលេងជិះស្គី កន្លែងលេងបុកប៊ីយ៉ែ កន្លែងលេងបោះប៊ូល កន្លែងលេងល្បែង កន្លែងហែលទឹក កន្លែងហាត់ប្រាណ កន្លែងតាំងពិពណ៌ សារមន្ទីរ បណ្ណាល័យ កន្លែងថែទាំកុមារ និងមនុស្សចាស់ (លើកលែងតែមន្ទីរពេទ្យ ឬកន្លែងដែលអនុញ្ញាតឱ្យចូលស្នាក់នៅមួយយប់) កន្លែងកីឡាប្រដាល់ សាលារៀន សាលាវិចិត្រសិល្បៈ ហាងចាក់សាក់ ហាងថែរក្សាសម្ផស្ស ស្ប៉ា និងម៉ាស្សាជាដើម។

ទន្ទឹមនឹងនេះដែរ ហាងលក់ទំនិញ ផ្សារទំនើប និងផ្សារសហគមន៍ អាចបើកដំណើរការចាប់ពីម៉ោង ១១៖០០នាទីព្រឹក ដល់ម៉ោង ០៩៖០០នាទីយប់ ប៉ុន្តែពួកគេត្រូវចៀសវៀងពីសកម្មភាពផ្សព្វផ្សាយផ្សេងៗ ខណៈភោជនីយដ្ឋានអាចបើកដំណើរការរហូតដល់ម៉ោង ១១៖០០នាទីយប់ ប៉ុន្តែអាចផ្តល់ជូនតែសេវាកម្មវេចខ្ចប់ទៅផ្ទះប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ទីក្រុងបាងកកនៅតែជាកន្លែង មានករណីឆ្លងច្រើនជាងគេដដែល នៅក្នុងប្រទេសថៃ គឺក្នុងចំណោមករណីឆ្លងថ្មីៗជាង២,៤០០នាក់ ដែលត្រូវបានរាយការណ៍នៅថ្ងៃនេះ ជាង១,១០០ករណី ស្ថិតនៅបាងកកផ្ទាល់៕