(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបាននិយាយថា គិតត្រឹមព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងពេញលេញ (ចំនួន ០២ដូស) ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ១១០,៨៧៤,៩២០នាក់ហើយ ដែលស្មើនឹង ៣៣.៤% នៃចំនួនប្រជាជនសរុប ៣៣២លាននាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ២៥៤,៧៧៩,៣៣៣ដូសនៅទូទាំងប្រទេស និងបានចែកចាយវ៉ាក់សាំងទៅកាន់គ្រប់រដ្ឋចំនួន ៣២៧,១២៤,៦២៥ដូស។ CDC បានបញ្ជាក់បន្ថែមថា ប្រជាជនចំនួន ១៥០,៤១៦,៥៥៩នាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ការបូកសរុបរបស់ CDC គឺរួមបញ្ចូលទាំងវ៉ាក់សាំងប្រភេទចាក់ ០២ដូសរបស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer-BioNTech ក៏ដូចជាវ៉ាក់សាំងប្រទេសចាក់តែ ០១ដូសពីក្រុមហ៊ុន Johnson & Johnson។ បន្ថែមពីនេះ វ៉ាក់សាំងសរុបចំនួន ៧,៨០៨,៤៤១ដូស ក៏ត្រូវបានចាក់ជូនដល់បុគ្គលិក និងប្រជាជន នៅតាមមជ្ឈមណ្ឌលថែទាំសុខភាពរយៈពេលវែង ទូទាំងសហរដ្ឋអាមេរិកផងដែរ៕