(ហុងកុង)៖ ហុងកុងសម្រេចថានឹងកាត់បន្ថយពេលវេលា នៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ដូស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២១។

យ៉ាងណាមិញ រដ្ឋបាលទីក្រុងហុងកុង បានបញ្ជាក់ថា អ្នកដំណើរទាំងនោះ នឹងទទួលបានការកាត់បន្ថយរយៈពេលក្នុងកម្រិតខុសៗគ្នា ដោយអាស្រ័យទៅលើកន្លែងដែលពួកគេធ្វើដំណើរចេញមក។ អាជ្ញាធរសុខាភិបាលទីក្រុងហុងកុង បានចែកតំបន់នាយសមុទ្រទៅជា០៥ប្រភេទ ដោយផ្អែកកម្រិតនៃការឆ្លងរាតត្បាត COVID-19។

សម្រាប់អ្នកមកពីកន្លែងដែលមានហានិភ័យទាប រួមមានអូស្រ្តាលី និងសិង្ហបុរី ជាដើម នឹងត្រូវកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កពី០២សប្តាហ៍ មកត្រឹម០១សប្តាហ៍ ប៉ុន្តែត្រូវតាមដានសុខភាពដោយខ្លួនឯង០៧ថ្ងៃបន្ថែម។ រីឯការតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ សម្រាប់អ្នកមកពីកន្លែងមានហានិភ័យមធ្យមនិងខ្ពស់ នឹងត្រូវបន្ថយមកនៅត្រឹម០២សប្តាហ៍ ប៉ុន្តែត្រូវតាមដានសុខភាពខ្លួនឯង០៧ថ្ងៃទៀត។ ដោយឡែក គោលការណ៍សម្រាប់អ្នកដំណើរមកពី កន្លែងមានហានិភ័យខ្ពស់ខ្លាំង និងខ្ពស់បំផុត គឺពុំមានការប្រែប្រួលឡើយ។

គួរបញ្ជាក់ថា អ្នកដំណើរដែលអាចទទួលបាន ការកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កនេះ គឺត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទីពីរ (លើកលែងតែប្រភេទវ៉ាក់សាំង ដែលតម្រូវឲ្យចាក់តែមួយដូស) នៅរយៈពេល០២សប្តាហ៍ មុនមកដល់ទីក្រុងហុងកុង៕