(ម៉ានីល)៖ នាថ្ងៃសុក្រនេះ ហ្វីលីពីនទើបទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន១.៥លានដូសទៀត ដែលបានទិញពីក្រុមហ៊ុនចិន Sinovac។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

វាគឺជាវ៉ាក់សាំង Sinovac បាច់ទី០៥ហើយ ដែលបានមកដល់ប្រទេសហ្វីលីពីន។ ហ្វីលីពីនធានាបានវ៉ាក់សាំង COVID-19 សរុប២៥លានដូស ពីក្រុមហ៊ុន Sinovac។ នៅត្រឹមថ្ងៃសុក្រនេះ ហ្វីលីពីទទួលបានវ៉ាក់សាំង Sinovac សរុប០៥លានដូសហើយ ដោយរាប់បញ្ចូលទាំង១លានដូស ដែលរដ្ឋាភិបាលចិនបានបរិច្ចាគ។

ហ្វីលីពីនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន០៧ផ្សេងគ្នា រួមមាន Pfizer-BioNTech, AstraZeneca, Sinovac, Sputnik V, Covaxin, Johnson & Johnson និង Moderna ប៉ុន្តែមានតែវ៉ាក់សាំង Sinovac, AstraZeneca និង Sputnik V ប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការប្រើប្រាស់ជាក់ស្តែង។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាប់ផ្តើមនៅប្រទេសហ្វីលីពីន កាលពីដើមខែមីនា ឆ្នាំ២០២១។ មកទល់ឥឡូវ វ៉ាក់សាំងជាង២លានដូស ត្រូវបានចាក់ ខណៈរដ្ឋាភិបាលហ្វីលីពីន មានគោលការណ៍ចង់ចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន៧០លាននាក់ នៅឆ្នាំនេះ ក្នុងចំណោមប្រជាជនសរុបជាង១០០លាននាក់។ ដោយឡែកពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃ COVID-19 វិញ ហ្វីលីពីនមានករណីឆ្លងសរុប ១,០៨០,១៧២នាក់ ក្នុងនោះស្លាប់១៧,៨៨១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕